ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំង ខេត្តបន្ទាយមានជ័យ ត្រូវទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិក ហើយត្រូវកសាងសំណុំរឿង ចាត់ការតាមច្បាប់ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថាៈ វិធានការលុបបំបាត់ ទប់ស្កាត់ និងបង្ក្រាប ការលក់ចែកចាយបារីអេឡិចត្រូនិក គឺជាការទប់ស្កាត់ ការប្រើប្រាស់រូបភាព បារីអេឡិចត្រូនិក ហើយឈានទៅដល់ការប្រើប្រាស់ សារធាតុញៀន ឬប្រើប្រាស់ថ្នាំញៀនរបស់យុវវ័យ នៅពេលអនាគត ក៏ដូចជា ការរួមគ្នាទប់ស្កាប់ អំពើអសន្តិសុខ ក្នុងសង្គមផងដែរ ។ វិធានការនេះ ត្រូវបានអនុវត្តន៍តាមសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ។
ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាស ដែលលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត សម្រាប់ឆមាសបន្ទាប់ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ៕/V