ដោយៈ​ មុនី​រ័ត្ន​/​ភ្នំពេញ​: គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​ខិតខំ​កែប្រែ​ចំណុច​ខ្វះខាត​និង​ពង្រឹង​បន្ថែម​ចំណុច ខ្លាំង​ឱ្យបាន​ទាន់ពេលវេលា និង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួលបាន​ការគាំទ្រ​បន្ត​ទៅមុខទៀត​និង​បន្ត​ជោគជ័យ សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ​ព្រមទាំង​ផ្តល់ឱកាស​ជូន​សម្តេច​តេ​ជោ​បន្ត​ដឹកនាំ​ដោយ​ការតម្កល់ ផលប្រយោជន៍​ជាតិ​ជាធំ និង​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​សេចក្តីសុខ សុភមង្គល​និង​ការអភិវឌ្ឍ​កាន់តែ​រីក ចម្រើន​ជឿនលឿន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​ឆ្លងសាលា​ពុទ្ធិក អនុវិទ្យាល័យ​សម្តេចព្រះ​ធម្មលិខិត លាស់ ទ្បា​យ សន្សំ​កុសល ស្ថិតនៅក្នុង​បរិវេណ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា អភិក្រម​ទាំង​ប្រាំ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់ មិនមែន​កើតចេញ​ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​នេះ​គឺជា​ចក្ខុវិស័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​ធ្វើការ​ស្វ័យ​វាយតម្លៃ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង​ជាប់​ជាប្រចាំ​។ ឈរលើ​មូលដ្ឋាន​នៃ​ការដឹកនាំ និង​ការតាក់តែង​គោលនយោបាយ ដោយ​ផ្សារភ្ជាប់​ទៅនឹង​ការ​ស្វ័យ​វាយតម្លៃ​ខ្លួនឯង​នេះហើយ ដែលជា​កត្តា​នាំឱ្យមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​លើសលប់​នៅ​ទូទាំងប្រទេស​។

​លោក​បាន​បន្តទៀតថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មាន​គោលដៅ និង​មាន​មហិច្ឆតា​ចង់ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។ ក្នុង​គោលដៅ​នេះ សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​ទាក់ទាញ​វិនិយោគទុន​ទាំង​ក្នុង និង​ក្រៅប្រទេស សំដៅ​បង្កើន​វឌ្ឍនភាព​សេដ្ឋកិច្ច ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​កុំឱ្យ​រងគ្រោះ​ដោយសារ​សង្គ្រាម​បែកបាក់ និង​ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជាដើម ពីព្រោះ​កត្តា​ទាំងនេះ អាច​នឹងមាន​ផលប៉ះពាល់​អូសបន្លាយ​រយៈពេល​វែង​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ជាតិ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការរស់នៅ​ប្រកប​ធម៌ វិន័យ ស្មារតី​គោរព​គ្នា​ទៅវិញទៅមក និង​ការគោរព​ច្បាប់​ដោយ​មិន​បំពាន​សិទ្ធិ​អ្នកដទៃ​អាច​នាំឱ្យ​មនុស្ស​ទទួលបាន​នូវ​សង្គម​មួយ​ដែល​សមប្រកប​ដោយ​សន្តិ​ភាព សុវត្ថិភាព សុភមង្គល និង​ការរីកចម្រើន​ជឿនលឿន​។​មូលដ្ឋាន​សីលធម៌​របស់​មនុស្សជាតិ​ត្រូវមាន នៅក្នុង​ការអប់រំ​តាំងពី​វ័យក្មេង​រហូតដល់​ធំ​ហើយ​មូលដ្ឋាន​នេះ​គឺជា​កត្តាចាំបាច់​ចូលរួមចំណែក​ដល់​ការរក្សា​ការពារ​ស្ថិ​ភាព សន្តិសុខ និង​ភាពសុខដុមរមនា​ក្នុងសង្គម​។ ជាមួយគ្នានេះ មាន​តួអង្គ​បី សំខាន់​ដែល​ដើរតួនាទី​ក្នុងការ​អប់រំ​បណ្តុះបណ្តាល​ដល់​ទំពាំង​ស្នង​ប្ញ​ស្សី គឺ​ទី​១. លោកគ្រូ​អ្នកគ្រូ​ដែល​បានផ្តល់​ចំណេះដឹង​នៅក្នុង​សាលារៀន និង​ទី​២. ឪពុកម្តាយ​តា​យាយ​សាច់ញាតិ​បងប្អូន​ដែល​បន្ត​អប់រំ​ប្រៀនប្រដៅ​នៅផ្ទះ ហើយ​ទី​៣. គឺ​កត្តា​បរិយាកាស​សង្គម​បរិស្ថាន​ជុំវិញ​ដែល​ត្រូវមាន​លក្ខណៈ​អំណោយផល​ដល់​ការ​ក្រេបជញ្ជក់​នូវ​បទពិសោធន៍ និង​ចំណេះធ្វើ​ជាក់ស្តែង​។​


​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ និង​អនុមោទនា​ត្រេកអរ​ចំពោះ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ពុទ្ធិក​អនុវិទ្យាល័យ​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ដែល​បម្រើឱ្យ​តម្រូវការ​ការងារ​ជាក់ស្តែង​ប្រចាំថ្ងៃ​របស់​សាលា និង​ការសិក្សា​របស់​សមណ​សិស្ស និង​សិស្សានុសិស្ស ក្នុង​បុព្វហេតុ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យ​ក្លាយជា​បណ្ឌិត​បញ្ញវ័ន្ត ដែលជា​មូលធន​មនុស្ស​ដ៏​ចាំបាច់​សម្រាប់​ដំណើរ​ការកសាង​អភិវឌ្ឍ​សង្គមជាតិ​។ សមិទ្ធផល​ដែល​លេចចេញ​ជា​រូបរាង​នាពេលនេះ គឺ​បានមកពី​ការផ្តួចផ្តើម​តាម​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ព្រះ​ធម្មលិខិត លាស់ ឡាយ កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម​។ ព្រះអង្គ​មាន​ព្រះ​បំណង​ចង់​កសាង​អគារ​ពុទ្ធិក​អនុវិទ្យាល័យ​ថ្មី​មួយ ដើម្បី​បម្រើ​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ជាតិ និង​សាសនា​។ សូម​យក​ឱកាស​នេះ​សម្តែង​នូវ​ការ​រលឹក​នឹក​គុណ និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​សម្តេចព្រះ​ធម្មលិខិត លាស់ ទ្បា​យ ដែល​បាន​ខិតខំ​ជួយ​កសាង​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​វត្ត​សន្សំ​កុសល​នេះ សម្រាប់​បន្សល់​ទុកជា​កេរដំណែល​ដល់​អ្នកជំនាន់ក្រោយ ក្នុង​ការគោរព​ប្រតិបត្តិ​ជំនឿ​សាសនា និង​ក្រេបជញ្ជក់​ចំណេះវិជ្ជា​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​៕​