ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បាន​អះអាងថា ស៊ីម៉ាក បាន​អនុវត្ត​បញ្ចប់​នូវ​ការកសាង​សមិទ្ធផល​នៅ​ខេត្ត​ប៉ៃលិន តាមរយៈ​គម្រោង​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន ក្រោម​រដ្ឋបាល លោក ស៊ីន​ហ្សូ អា​បេ ។

​លោក​បាន​អះអាងថា ក្រោម​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន ក្រោយ​ជំនួយឥតសំណង​របស់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​គឺ​ស៊ីម៉ាក​បានសម្រេច​អនុវត្តបាន​ជោគជ័យ​ដោយបាន​កសាង ផ្លូវ​ក្រាល​ក្រួស​ល្បាយ​ថ្មភ្នំ​ប្រវែង​៨.៦៩៤​ម៉ែត្រ សំណង់​ទ្វា​ទឹក​ចំនួន​០៣​កន្លែង ផ្សារ​សហគមន៍​ចំនួន​០១​កន្លែង និង​សមិទ្ធផល​មួយចំនួនទៀត​។​

​លោក​បាន​បញ្ជាក់ថា ” គម្រោង​នេះ​សម្តេច​តេ​ជោ បានស្នើ​សុំ​ជំនួយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ផ្ទាល់​នៅ​ឆ្នាំ​២០១៨ ហើយ​យ​គម្រោង​បានចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៩​និង​បានបញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២២​នេះ​” ។

​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​មីន គ្រាប់​មិនទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​ចុះ​ពិនិត្យមើល​សមិទ្ធផល​នានា​ដែល​សម្រេចបាន​នៅ​ខេត្ត​បៃ​លិ​ន បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ក​ម្លាំ​ង​ប្រតិបត្តិការ ដែល​បាន​ចំណាយ​ពេលវេលា លះបង់​សេចក្តីសុខ​ក្នុង​គ្រួសារ ចូលរួម​ក្នុង​បេស​សកម្ម​កំចាត់​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ដើម្បី​ធានា​សុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង ឬ​ជុំវិញ​តំបន់​រង​ផលប៉ះពាល់ ព្រមទាំង​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​គាំទ្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងនេះ​៕​