​ភ្នំពេញៈ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)បានឆ្លើយតបទៅគណបក្សនយោបាយ ​ចំនួនបួន ដែល​បាន​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះដោយស្នើ​ឲ្យ​មានការ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត និង​និង​លើកស្ទួយ​សេរីភាព​នយោបាយ​នៅ​កម្ពុជានោះ គឺមាន​ចំណុច​មួយចំនួន​មិនមែនជា​សមត្ថកិច្ច​រប​ស់ គ​.​ជ​.​ប និង​ចំណុច​មួយចំនួនទៀត គឺ​គ​.​ជ​.​ប បាន​អនុវត្តបាន​ត្រឹមត្រូវ​ច្បាប់​។​

ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(រូបថតឯកសារ)

​ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍​ថ្លែងប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា នេះ​ថា ពាក់ព័ន្ធ​ការកែទម្រង់​សមាសភាព គ​.​ជ​.​ប គឺ​គ​.​ជ​.​ប ពុំមាន​អត្ថាធិប្បាយ​ទៅលើ​បញ្ហា​នេះ​ទេ ពីព្រោះ​សារធាតុ គ​.​ជ​.​ប ត្រូវបាន​ជ្រើសតាំងឡើង​ដោយ​ឡើង​ដោយ​រដ្ឋសភា តាម​ការជ្រើសរើស​រប​ស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា​។ សមាសភាព​នេះ ចង់​ធ្វើបែបនេះ​បាន​លុះត្រាតែ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ។ហេតុនេះ គ​.​ជ​.​ប មិនមាន​អត្ថាធិប្បាយ​នោះទេ​។

​ឯកឧត្តម​បន្តថា ពាក់ព័ន្ធ​ទៅនឹង​ការធានា​ភាពលំអៀង​របស់​មន្ត្រី គឃ​/​សប និង​គ​ធ​/​ខ​ប គឺ​គ​.​ជ​.​ប បានរៀបចំ​សមាសភាព​នេះ ដោយ​ធានា​រួចហើយ​នៅ​ភាពមិនលំអៀង​របស់​ម​ន្ត្រី​តាមរយៈ​ការ​ជំរុញ​ឲ្យ​មន្ត្រីនៃ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​រាជធានី ខេត្ត រៀប​ច​ការបោះឆ្នោត គោរព​និង​អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត រួមទាំង​ក្រមសីលធម៌​សម្រាប់​មន្ត្រី​បោះឆ្នោត​។ ចំពោះ​ការលើកឡើង​ពី​មន្ត្រី​ស្ថាប័ន​ជាតិ​ត្រូវតែ​អ​ព្យា​ក្រឹត្យ នេះ​គឺជា​ការពង្រឹង​សមត្ថកិច្ច​របស់​ពួកគាត់ ហើយគ​.​ជ​.​ប ពុំមាន​អត្ថាធិប្បាយ​ទៅលើ​ចំណុច​នេះ​ទេ​។ ប៉ុន្តែ​អ្វីដែល គ​.​ជ​.​ប បាន​ពិនិត្យ​និង​សិក្សា​ទៅលើ​ករណីនេះ ពិសេស​គឺ​ការសហការ​ជាមួយ​ស្ថាប័ន​នេះ គឺ​ពុំមាន​អ្វីមួយ​អាច​កត់សម្គាល់​បាន​ថា មន្ត្រី​ទាំងអស់នោះ​អនុវត្ត​កិច្ចការ​របស់ខ្លួន​ដោយ​មិន​អ​ព្យា​ក្រឹត្យ​នោះទេ ។

​អ្នកនាំពាក្យដដែលបាន​បន្តទៀតថា ពាក់ព័ន្ធ​ទៅនឹង​ការទប់ស្កាត់​សកម្មភាព​បំភិតបំភ័យ​នេះ គឺ​មិនមែនជា​សមត្ថកិច្ច​រប​ស់ គ​.​ជ​.​ប នោះទេ ប៉ុន្តែ​ជាការ​ពង្រឹង​របស់​រដ្ឋា​ភិ​បាល​ ហើយ​រាជរដ្ឋាភិបាល សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​សន្និបាត គឺ​កិច្ចការ​នេះ​ដែល​រាជរដ្ឋាភិបាល​ត្រូវធ្វើ​ដោយ​ចាំបាច់​ដើម្បី​ធានា​អំពី​រាល់​សកម្មភាព​ទាំងអស់​មិនត្រូវ​មានកា​រ​បំភិតបំភ័យ​គំរាមកំហែង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សេរីភាព នៃ​ការចូលរួម​នយោបាយរ​បស់​ប្រជាពលរដ្ឋ នេះ​គឺជា​ការតាំង​ចិត្ត​របស់​រាជរដ្ឋាភិបាល​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ទាក់ទង​ការរាប់​សន្លឹកឆ្នោត​ដោយ​បើកចំហរ និង​ការផ្តល់​កំណត់ហេតុ​នៃ​ការរាប​សន្លឹកឆ្នោត ទម្រង់ ១១០២ ទៅ​ភ្នាក់ងារ​គណបក្សនយោបាយ​ភ្លាមៗ ករណីនេះ គឺជា​ករណី​ដែល​គ​.​ជ​.​ប ត្រូវគោរព និង​អនុវត្ត​ច្បាប់​ទាំងស្រុង ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​នេះ គឺ​ត្រូវតែមាន​វិសោធនកម្ម​ច្បាប់​។ ប៉ុន្តែ​សម្រាប់​ការបោះឆ្នោត​កន្លងមកនេះ ពិសេស​ការរាប់​សន្លឹក​ឆ្នោត គឺ​ដំណើរការ​ប្រកបដោយ​តម្លាភាព ដោយ​ការគោរព​អនុវត្ត និង​អនុវត្ត​ទៅតាម​គោលការណ៍​ដែល​កំណត់​នៅក្នុង​ច្បាប់ បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប​ ហើយក៏​មិនមាន​បញ្ហា​ទាក់ទង​ទៅ​និង​ការមិន​ផ្តល់នៅ​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ ដោយ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​ត្រូវបាន​បំពេញ​ជា​បី​ច្បាប់​នៅក្នុង​កញ្ចប់ “​ក​” ដើម្បី​ផ្ញើជូន​មក គ​.​ជ​.​ប បិទ​ផ្សាយ​នៅមុខ​ការិយាល័យ​បោះឆ្នោត ហើយនឹង​បញ្ជូនទៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត សម្រាប់​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​។ កិច្ចការ​នេះ គ​.​ជ​.​ប នឹង​ពង្រឹង​បន្ថែមទៀត​នៅក្នុង​ការអនុវត្ត​។

​ពាក់ព័ន្ធ​ទៅ​និង​ភាពមិនប្រក្រតី និង​ការប្តឹង​ពី​ភាពមិនប្រក្រតី ចំណុច​នេះ​គណបក្សនយោបាយ​ត្រូវតែ​សិក្សា​ទៅលើ​លក្ខខណ្ឌ​ទូទៅ​របស់​ច្បាប់ ហើយ​ពិសេស​គឺ​ភ្នាក់ងារ​គណបក្សនយោបាយ​ត្រូវតែ​ទទួលបាន​នៅ​ការបណ្តុះបណ្តាល ដើម្បី​ឲ្យ​ក្លាយជា​ភ្នាក់ងារ​មួយ​ដែលមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​អនុវត្ត​ការបោះឆ្នោត​របស់​គ​.​ជ​.​ប ។បើ​ពិនិត្យមើល​ទៅលើ​គោលការណ៍​ដែល​កំណត់​នៅក្នុង​ការណែនាំ​ពី​ការដាក់​ការទទួល​និង​ការដោះស្រាយ​បណ្តឹង គឺមាន​លក្ខណៈ​ពេញលេញ​។ ប៉ុន្តែ​អ្វីដែល​នៅ​ខ្វះខាត គឺ​ភ្នាក់ងារ​គណបក្សនយោបាយ​ទៅវិញ​ទេ ដែល​គណបក្សនយោបាយ​មិនបាន​បណ្តុះបណ្តាល​ភ្នាក់ងារ​របស់ខ្លួន ។​

​ឯកឧត្តម សោម សូ​រី​ដា មានប្រសាសន៍​បញ្ជាក់ថា ទាក់ទង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត គឺ​មិនមែនជា​សមត្ថកិច្ច​រប​ស់គ​.​ជ​.​ប ទេ ហើយគ​.​ជ​.​ប ក៏​អត់​មាន​អត្ថាធិប្បាយ​ទៅលើ​បញ្ហា​នេះដែរ​។ សម្រាប់​ការកែលម្អ​ការចុះឈ្មោះ​បោះឆ្នោត ការចុះឈ្មោះ​បេក្ខជន និង​ភ្នាក់ងារ​អ្នកសង្កេតការណ៍​បោះឆ្នោត​របស់​គណបក្ស គឺ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ នេះ គឺ​ចំណុច​នេះ​ត្រូវបាន​កែលម្អ​។ ហើយ​កែលម្អ​នេះ គឺ​តាមរយៈ​ការធ្វើ​ទំនើបកម្ម នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ដែល​គ​.​ជ​.​ប បានរៀបចំ​ឲ្យ​មានការ​គ្រប់គ្រង​កម្មវិធី​គ្រប់គ្រង​ការចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត រួម​ជាមួយនឹង​ការចុះឈ្មោះ​ភ្នាក់ងារ ហើយ​ពិសេស​គឺ​ការចុះឈ្មោះ​ភ្នាក់ងារ​អ្នកសង្កេតការណ៍​គណបក្សនយោបាយ​នឹង​ជម្រុញ​ឲ្យ​មានកម្ម​វិធី​សម្រាប់​ការត្រួតពិនិត្យ គ្រប់គ្រង​ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​៕ srn
(ប្រភពAMS)