​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ពួក​មន្ត្រី​បាន​អោយដឹងថា ប្រធានាធិបតី​ស្រីលង្កា​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​អាកាសយានដ្ឋាន​មួយ​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ប្រទេស កាលពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំអោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ប្រុង​ភៀសខ្លួន​ចេញពី​ប្រទេស​។​

​លោក​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា​(Gotabaya Rajapaksa)​បាន​ភៀសខ្លួន​ចេញពី​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​កូឡុំបូ ក្រោម​ការការពារ​ពី​កងទ័ពជើងទឹក​កាលពី​ថ្ងៃ​សៅរ៍ នៅមុន​បាតុករ​រាប់ម៉ឺន​​នាក់​បាន​សំរុកចូល​និវាសដ្ឋាន​របស់លោក​។​

​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ប្រធាន​សភា​បាន​ប្រកាសថា​លោក រ៉ា​ចា​ប៉ាក់​សា នឹង​លាឈប់​នៅ​ថ្ងៃ​ពុធ​ដើម្បី​អនុញ្ញាត​អោយមាន​«​អន្តរកាល​អំណាច​ដោយ​សន្តិវិធី​មួយ​»​។​

​នាយទាហាន​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា មេដឹកនាំ​វ័យ​៧៣​ឆ្នាំ​រូប​នេះ ត្រូវបាន​នាំ​ទៅ​ជ្រកកោន​នៅ​បន្ទាយកងទ័ព​ជើង​ទឹក​មួយ​មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​អាកាសយានដ្ឋាន​កា​​ទូ​ណា​យ៉ាកេ​(Katunayake) ជាប់​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ បាន់​ដា​រ៉ា​ន់​ណាយកេ​(Bandaranaike)​។​

​នាយទាហាន​ដដែល​បាន​បន្ថែមថា​«​លោក​និង​ក្រុម​ហែរ​ហម​ត្រូវបាន​ដឹក​តាម​យន្តហោះ​ត្រឡប់​ទៅ​កាន់​ទីក្រុង​កូឡុំបូ​តាម​ឧទ្ធម្ភាគចក្រ​ពីរ​»​។​

​មិន​មាន​ព័ត៌មាន​ពី​ការិយាល័យ​ប្រធានាធិបតី​អំពី​កន្លែង​ស្នាក់នៅ​របស់​លោក​ទេ តែ​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​បានរាយការណ៍​អំពី​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ប្រុង​ចាកចេញ​ពី​ប្រទេស​ទៅ​កាន់​ទីក្រុង​​ឌុយ​បៃនៅយ​ប់​ថ្ងៃ​ចន្ទ​។​

​ចំណែក​ការិយាល័យ​នាយករដ្ឋមន្ត្រី​រ៉ានី​ល វិក​ក្រេមេ​ស៊ីង (Ranil Wickremesinghe)​បាន​និយាយថា​លោក​រ៉ា​ចា​ប៉ាក់​សាបាន​ជូនដំណឹង​ដល់​លោក​ជា​ផ្លូវការ​អំពី​បំណង​លាឈប់ តែ​មិន​បាន​បញ្ជាក់​​កាលបរិច្ឆេទ​ទេ​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ចន្ទ​ដដែល ប្រាក់់​១៧,៨៥​លាន​រូ​ពី​(​ប្រហែល​៥០.០០០​ដុល្លារ​)​ដែល​លោក​ប្រធានាធិបតី​ទុកចោល​ក្នុង​និវាសដ្ឋាន​របស់លោក​ត្រូវបាន​បាតុករ​រកឃើញ​និង​ប្រគល់​អោយ​តុលាការ​មួយ​។​ប្រភព​​ព័ត៌មាន​ក៏បាន​និយាយថា ឯកសារ​មួយ​វ៉ា​លី​ស​ក៏​ត្រូវបាន​រកឃើញ​នៅក្នុង​វិមាន​នោះដែរ​។​

​បើ​សិនលោក​រ៉ា​ចា​ប៉ាក់​សាលា​ឈប់​ដូច​ការសន្យា នោះ​លោក វិក​ក្រេមេ​ស៊ីងនឹង​ក្លាយ​ជា​ប្រធានាធិបតីដោយ​ស្វ័យប្រវត្តិ រហូត​ដល់​សភា​ជ្រើសរើស​សមាជិក​សភា​ម្នាក់​អោយ​បំរើ​ការបំពេញ​បញ្ចប់​អាណត្តិ​របស់​​លោក​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។​តែ​លោក​វិក​ក្រេមេ​ស៊ីង​ក៏​បាន​ប្រកាស​លាឈប់ផ​ង​ដែរ បើសិនជា​រដ្ឋាភិបាល​ថ្មី​មួយ​លេចចេញ​ជា​រូបរាង​ឡើង​៕

​រ៉ា​ចា​ប៉ាក់​សា ត្រូវបាន​គេ​ចោទប្រកាន់​ថា​ដឹកនាំ​សេដ្ឋកិច្ច​ខុស ដោយ​នាំ​ប្រទេស​អោយ​ដល់​ចំណុច​មួយ​ដែល​​អស់​លុយ​បរទេស​ដើម្បី​ទិញ​ទំនិញ​ចាំបាច់​ចូល ។លោកបានភៀសខ្លួនចេញពីវិមានប្រធានាធិបតីមុនបាតុករចូលអុកឡុកកាលពីថ្ងៃសៅរ៍