​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ យោង​តាម​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់​ថៃ​បានឱ្យដឹងថា អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង​ឈ្មោះ BA.4 និង BA.5​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​អនុ​មេរោគ​​បំប្លែង​អូ​មី​ក្រុង​ដទៃ ហើយ​មិន​សូវ​ខ្លាច​អង្គ​បដិ​ប្រាណ​នោះទេ​។​

​អគ្គនាយក​លោក សូ​ប៉ា​គី​ត ស៊ី​រី​ឡាក់ (Supakit Sirilak) បាន​និយាយ​នៅ​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​សប្តាហ៍​របស់​គាត់​អំពី​ស្ថានភាព​មេរោគ BA.4 និង BA.5 កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​ថា ករណី BA.4 និង BA.5 បាន​កើនឡើង​ជា​លំដាប់​នៅ​ទីក្រុង​បាងកក​ក្នុង​រយៈពេល​បួន​សប្តាហ៍​កន្លងមកនេះ ពី ១២% ទៅ ៥០% ៦៨% និង ៧២% នៃ​ករណី​ដែល​បាន​ពិនិត្យ​។​

​លោក​វេជ្ជបណ្ឌិត​សូ​ប៉ា​គីត​បាន​និយាយថា “​ករណី​ភាគច្រើន​នៅ​ទីក្រុង​បាងកក​គឺ​មេរោគ BA.4 និង BA.5 ដូច​ករណី​នាំចូល​ដែរ​”​។​

​លោក​បន្តថា ការឆ្លង​មេរោគ BA.4 និង BA.5 ក៏បាន​កើនឡើង​ជា​បន្តបន្ទាប់​នៅតាម​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ​ពី ៦% ទៅ ១៧% និង ៣៤% ក្នុង​មួយ​សប្តាហ៍​។​

​លោក​វេជ្ជបណ្ឌិត​សូ​ប៉ា​គីត​បាន​និយាយថា “​ការឆ្លង​មេរោគ BA.4 និង BA.5 បានចាប់ផ្តើម​វ៉ា​ដាច់​មេរោគ BA.1 និង BA.2 បន្តិច​ម្តងៗ​…​។ មេរោគ BA.4 និង​BA.5​មាន​ការរីក​រាលដាល​ខ្លាំង​​នៅក្នុង​ទីក្រុង​បាងកក​ជាង​ខេត្ត​ដទៃទៀត ប៉ុន្តែ​តាម​ធម្មជាតិ ស្ថានភាព​បែប​នេះ​តែង​ចាប់ផ្តើម​នៅ​ទីក្រុង​បាងកក ហើយ​នឹង​រីក​រាលដាល​ទៅ​តំបន់​ផ្សេង​”​។​

​ទាក់ទង​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​មេរោគ BA.4 និង BA.5 គាត់​បាន​និយាយថា ៧៧%​នៃ​អ្នកជំងឺ​ដែល​រលាក​សួត​ធ្ងន់ធ្ងរ​និង​ស្លាប់​នៅក្នុង​ទីក្រុង​បាងកក គឺ​ឆ្លង​អនុ​មេរោគ​បំប្លែង​ទាំងពីរ​ប្រភេទ​នេះ ខណៈ ២៣% នៃ​ពួក​គេ​មាន​អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង BA.2​។​

​នៅក្នុង​ខេត្ត​ផ្សេងទៀត មេរោគ BA.4 និង BA.5 ត្រូវបាន​រកឃើញ​ក្នុងចំណោម ៤៧%​នៃ​អ្នក​ដែល​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​និង​អ្នក​ដែល​បាន​ស្លាប់​។ ជាង ៣៣% នៃ​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ស្រាល ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន BA.4 និង BA.5 ។​

​លោក​វេជ្ជបណ្ឌិត​សូ​ប៉ា​គីត​បាន​និយាយថា “​ដូច្នេះ ទិន្នន័យ​ពី​ទីក្រុង​បាងកក​និង​ខេត្ត​ផ្សេង​ទៀត​ជា​បឋម​បង្ហាញថា មេរោគ BA.4 និង BA.5 គឺ​ធ្ងន់ធ្ងរ​ជាង BA.2″៕

​ការចាក់​វ៉ាក់សាំង​នៅតែ​បន្ត​ធ្វើ​នៅ​ទីក្រុង​បាងកក​។ថ្ងៃចន្ទនេះអាជ្ញាធរសុខាភិបាលថៃបានប្រកាសអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១.៨១១នាក់បានចូលដេកពេទ្យកាលពីថ្ងៃអាទិត្យនិង២៤នាក់បានស្លាប់ដោយកូវីដនៅ២៤ម៉ោងកន្លងទៅ