ដោយ:សុខុម/មណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីកំពុងបើកការចុះសើុបអង្កេតនិងស្រាវជ្រាវលើករណីប្រជាពលរដ្ឋប្រទះឃើញសពមនុស្សស្រីម្នាក់ទំនងស្លាប់ជាច្រើនថ្ងៃក្នុងដីចម្ការដំឡូងមីមួយកន្លែងនៅភូមិអណ្តោលឃុំស្រែឈូកស្រុកកែវសីមា។

សមត្ថកិច្ចបានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា សពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណនេះនៅក្នុងចម្ការដំឡូងមីក្នុងរង្វង់ជាងមួយសប្តាហ៍។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យមើលសាកសពមិនស្គាល់អត្តសញ្ញាណ។ តាមភិនភាគគឺជាមនុស្សស្រីអាយុប្រហែលជាង២០ឆ្នាំ ពាក់អាវ ក្រឡាការ៉ូ ពណ៌លឿង ស្លៀកខោខូវប៊យប្រផេះ ។

ក្រោយមក កម្លាំងប៉ុស្តិ៍ក៏បានធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុនេះ ដើម្បីរង់ចាំខាងជំនាញមកពិនិត្យបន្តទៀត។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវព័ត៌មានលម្អិត ដើម្បីស្វែងរកមូលហេតុចំពោះការស្លាប់ជូនគ្រួសារជនរងគ្រោះ៕សរន