ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃគ្រង់តំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៦ និងការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ ២០២២ បន្ទាប់ពីសមាគមនេះដណ្តើមមេដាយមាសរហូតដល់ ៦ គ្រឿង។

ក្នុងឳកាសពិធី និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីសូហ្វតិន្នីនាថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២នៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ហួត សេងទ្រីប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និង លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ។

សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃដណ្តើមមេដាយមាស៦ គ្រឿងប្រាក់៣គ្រឿង និងសំរិទ្ធ១គ្រឿងឈរចំណាត់លេខ១សមាគមកីឡាសូហ្វតិន្នីសអគ្គស្នងការនគរបាលជាតិនគរបាលជាតិដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធិ ៤ គ្រឿង សមាគមកីឡាសូហ្វតិន្នីស ក្រសួងការពារជាតិដណ្តើមមេ ដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ១ គ្រឿង សមាគមកីឡាសូហ្វតិន្នី ខេត្តកំពង់ឆ្នាំងដណ្តើម ប្រាក់១គ្រឿង និងសំរឹទ្ធិ ១ គ្រឿង និងសមាគមកីឡាសូហ្វតិន្នី ខេត្តកំពង់ស្ពឺដណ្តើមសំរឹទ្ធិ ១ គ្រឿង។

ការប្រកួតនេះប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាធ្វើឲ្យសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំការប្រកួតរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១បញ្ចប់ទៅប្រកបដោយជោគជ័យក្នុងនោះមានសមាគមចូលរួមប្រកួតដូចជាសមាគមកីឡាក្រសួងមហាផ្ទៃ សមាគមកីឡា អគ្គស្នងការនគរបាលជាតិនគរបាលជាតិ សមាគមកីឡា ក្រសួងការពារជាតិ សមាគមកីឡា ខេត្តកំពង់ស្ពឺ សមាគមកីឡា ខេត្តកំពង់ឆ្នាំង សមាគមកីឡា ខេត្តត្បូងឃ្មុំ និងសមាគមកីឡា អូឡាំពិក។ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ចំនួន ៧៤នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ១២នាក់ កីឡាករចំនួន ៣៨នាក់ កីឡាការិនីចំនួន ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៩វិញ្ញាសា ៕សរន