ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកបណ្ឌិតជ្រិនសុធាអគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT(World Taekwondo) បានមានប្រសាសន៍ថា ការបង្កើតក្លិបកីឡាតេក្វាន់ដូ WT នៅតាមសាលារៀនរដ្ឋ គឺជាចក្ខុវិស័យរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីឲ្យប្រភេទកីឡាតេក្វាន់ដូមានការរីកចម្រើននិងអ្នកហ្វឹកហាត់ឲ្យបានច្រើននៅទូទាំងប្រទេសកម្ពុជា។

លោកអគ្គលេខាធិការបន្តថា នៅតាមតំបន់ និងពិភពលោកប្រភេទតេក្វាន់ដូ WT ជាប្រភេទកីឡាចាំបាច់បំផុសម្រាប់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំរហូតដល់១៨ឆ្នាំមិនថា ប្រទេសកូរ៉េខាងត្បូងអឺរ៉ុបទ្វីបអាហ្វ្រិកគ្រប់សាលារៀនជាតិនិងឯកជនទូទាំងពិភពលោកដោយមានកីឡាករ-កីឡាការិនីជាង២០លាននាក់កំពុងហ្វឹកហាត់កីឡាអូឡាំពិកនេះ។

ប្រភេទតេក្វាន់ដូ WT ចែកចេញជា២ផ្នែក គឺមួយមេគុនដែលបង្ហាត់ពីវិន័យ ភាពថ្លៃថ្នូរ ការគោរពទៅវិញទៅមក ជាពិសេសកម្លាំងចិត្តដោយជួយពង្រឹងស្មារតី។ លោកបន្ថែមទៀតថា ចក្ខុវិស័យកីឡាតេក្វាន់ដូWTនឹងធ្វើការបណ្តុះបណ្តាលនៅតាមបណ្តាសាលារៀនដូចជាខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តថែមទៀត។

លោកបន្តថាយើងនឹងខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេសចេះយោគយល់អធ្យាស្រ័យទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាពនិងភាតរភាពដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម៕srn