ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទទី១១កក្កដាថា ខ្លួនជឿថារុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់ដើម្បីផ្តល់ឱ្យខ្លួននូវយន្តហោះគ្មានមនុស្សបើក (UAV) “រាប់រយគ្រឿង” រួមទាំងដ្រូនដែលមានសមត្ថភាពបំពាក់អាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) បាននិយាយថា គេមិនច្បាស់ទេថាតើអ៊ីរ៉ង់បានផ្តល់ប្រព័ន្ធដ្រូនណាមួយដល់រុស្ស៊ីរួចហើយឬយ៉ាងណា ប៉ុន្តែបាននិយាយថា សហរដ្ឋអាម៉េរិកមាន “ព័ត៌មាន” ដែលបង្ហាញថា អ៊ីរ៉ង់កំពុងត្រៀមបណ្តុះបណ្តាលដល់កងកម្លាំងរុស្ស៊ីដើម្បីប្រើប្រាស់ពួកវាឆាប់ៗក្នុងខែនេះ។
លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “ព័ត៌មានរបស់យើងបង្ហាញថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងត្រៀមផ្តល់ឱ្យរុស្ស៊ីនូវ UAV ជាច្រើនរយគ្រឿង រួមទាំង UAVដែលមានសមត្ថភាពបំពាក់អាវុធនៅពេលវេលាកំណត់ដ៏ឆាប់រហ័សមួយ”។
លោកស៊ូលលីវ៉ាន់បាននិយាយថា វាគឺជាភស្តុតាងបង្ហាញថា ការបាញ់ផ្លោងដ៏ច្រើនលើសលប់របស់រុស្ស៊ីនៅអ៊ុយក្រែនដែលនាំឱ្យខ្លួនពង្រឹងប្រៀបឈ្នះខ្លាំងឡើងនៅភាគខាងកើតអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ “បាននាំមកនូវការខាតបង់សម្រាប់និរន្តភាពអាវុធរបស់ខ្លួន”។
ការលាតត្រដាងរបស់លោកស៊ូលលីវ៉ាន់ធ្វើឡើងនៅមុនមួយថ្ងៃនៃការធ្វើដំណើររបស់លោកប្រធានាធិបតីចូ បៃដិនទៅកាន់ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតកន្លែងដែលកម្មវិធីនុយក្លេអ៊ែរនិងសកម្មភាពអាក្រក់ៗរបស់អ៊ីរ៉ង់នៅក្នុងតំបន់នឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សា។
ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកដើម្បីបង្ហាញជាសាធារណៈថា គូប្រជែងថ្នាក់តំបន់របស់ប្រទេសទាំងពីរកំពុងជួយផ្តល់អាវុធដល់រុស្ស៊ីបានកើតឡើងខណៈទាំងអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតបានជំទាស់មិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការលុកលុយលើអ៊ុយក្រែន ដោយសារតែផលប្រយោជន៍ក្នុងស្រុករបស់ពួកគេ៕
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ជេក ស៊ូលលីវ៉ាន់ ថ្លែងក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃចន្ទ ទី១១ កក្កដាឆ្នាំ២០២២។លោកថារុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់ដើម្បីផ្តល់ឱ្យខ្លួននូវយន្តហោះគ្មានមនុស្សបើក រាប់រយគ្រឿង