​ដោយៈ​ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ បានចេញ​សេចក្តីណែនាំ ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ការពារ​ខ្លួន ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ជាពិសេស​ពពួក​អូ​មី​ក្រុង​បំប្លែង​ថ្មី BA.4 និង BA.5 ។​

បើតាមសេចក្ដីជូនដំណឹងនោះ ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថាៈ ករណី​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ ជា​រៀងរាល់ថ្ងៃ ដែល​បង្ហាញ​ឲ្យ​ឃើញថា ស្ថានភាព​ឆ្លង នៃ​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើត សារ​ឡើងវិញ ចាប់តាំងពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ នៅលើ​អ្នកដំណើរ មកពី​ក្រៅប្រទេស ចូលមក​កម្ពុជា អ្នក​នៅក្នុង​សហគមន៍ និង​អ្នក​ធ្វើតេស្ត សម្រាប់ធ្វើ​វិញ្ញាបនបត្រ ក្នុងការ​ធ្វើដំណើរ ចេញទៅ​ក្រៅប្រទេស មួយចំនួន​។​

​ក្រសួង បាន​បន្តថាៈ ការ​ចរាចរ​នៃ ពពួក​អូ​មី​ក្រុង​បំប្លែង​ថ្មី BA.4 និង BA.5 ដែលមាន​សមត្ថភាព​ឆ្លង​លឿន ជាង​ពពួក​អូ​មី​ក្រុង មុនៗ (​ដូចជា BA.1 និង BA.2 ជាដើម​) នាំឱ្យមាន​កំណើន​ឡើង នូវ​ចំនួន​ករណី​ឆ្លង ទាំង​ក្នុងប្រទេស​កម្ពុជា ក្នុង​តំបន់ និង​នៅលើ​សកលលោក ហើយ​ពពួក​បំប្លែង​ថ្មី​នេះ ក៏មាន​លទ្ធភាព​អា​ចប​ញ្ជ្រៀ​ត​ចូល ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស បាន​ងាយស្រួល​ជាង​មុន ដែល​ធ្វើ​ឲ្យ​ភាពស៊ាំ​របស់​បុគ្គល ឆាប់​ធ្លាក់ចុះ​លឿន​ជាង​មុន​។ ចំពោះ​អ្នក​ជំងឺឆ្លង​អូ​មី​ក្រុង​បំប្លែង​ថ្មី BA.4 និង BA.5 នេះ គឺមាន​រោគសញ្ញា​មិន​ខុសប្លែកគ្នា ពី​ប្រភេទ​វីរុស កូ​វីដ​-១៩ ជំនាន់​មុនៗ​នោះទេ​។ រោគសញ្ញា មានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរ​សំបោរ មាន​ភាព​ស្រដៀង ទៅនឹង​ជំងឺ​ផ្តាសាយ ធម្មតា​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដោយ​ទទូច និង​សូម​ក្រើនរំលឹក​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ បុគ្គល គ្រួសារ និង​សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​នានា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សេវា​ឯកជន​ទាំងអស់ សូម​រួម​សាមគ្គីភាព​គ្នា ជំរុញ​បង្កើន​ការប្រុងប្រយ័ត្ន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបន្ត​អនុវត្ត​វិធានការ​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា ដើម្បី​ការពារ​ពី ការចម្លង​វីរុស​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ខ្លួន និង​នៅ​ទីកន្លែង​ធ្វើការ របស់ខ្លួន​ផងដែរ​។​

​លោក​បាន​បន្តថាៈ ដើម្បី​បញ្ចៀស​នូវ​ការរីក​រាលដាល ការឆ្លង​វីរុស​កូ​វីដ​-១៩ ដ៏​ធ្ងន់ធ្ងរ ទៅក្នុង​សហគមន៍ ទៅក្នុង​គ្រួសារ និង​ស្ថាប័ន​នានា ដែល​អាច​កើតមាន​ជាយថាហេតុ សូម​ប្រជាជន​ទាំងអស់ (​ទាំង​កម្ពុជា និង​ជនបរទេស​) ដែល​រស់នៅ ត្រូវ​នាំគ្នា​បន្ត​អនុវត្ត វិធានការ «៣​ការពារ និង​៣​កុំ​» ព្រមទាំង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ ទី​៤ និង​ទី​៥) ជា​ចាំបាច់ ដែលមាន​គម្លាត​ពី​ដូ​ស​មួយ ទៅ​ដូ​ស​មួយទៀត មាន​រយៈពេល​ពី ៣ ខែ​ឡើងទៅ​៕/V​