​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​មួយ​ពី​ប្រទេស​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​ខាងលិច​បាន​បិទ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​សម្រាប់​ការថែទាំ​ប្រចាំឆ្នាំ​ខណៈ​អាល្លឺម៉ង់​បាន​​ត្រៀម​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ចំនួន​១០ ឱ្យ​ចាប់ផ្តើម​ឡើង​វិញ​ដោយសារតែ​មាន​ការព្រួយបារម្ភ​ថា រុស្ស៊ី​អាច​នឹង​មិន​ដំណើរការ​ឡើងវិញ​នូវ​លំហូរ​ឧស្ម័ន​ដូចដែល​បាន​គ្រោងទុក​។​

​បំពង់​បង្ហូរ Nord Stream 1 គឺ​ដំណើរការ​នៅ​ក្រោម​សមុទ្រ​បាល់​ទិក​ពី​ប្រទេស​រុស្ស៊ី​និង​ជា​ប្រភព​ឧស្ម័ន​រុស្ស៊ី​ដ៏​សំខាន់​របស់​អាល្លឺម៉ង់​។​ឧស្ម័ន​ពី​បំពង់​បង្ហូរ​នេះ​ជា​ធម្មតា​ត្រូវបាន​បញ្ជូន​បន្ត​ទៅ​ប្រទេស​​ផ្សេង​ទៀត​ផង​ដែរ​។​

​បំពង់​បង្ហូរ​នេះ​គ្រោង​នឹង​ឈប់​ដំណើរការ​រហូត​ដល់​ថ្ងៃទី ២១ ខែ​កក្កដា​សម្រាប់​ការងារ​ថែទាំ​ជាប្រចាំ ដែល​ប្រតិបត្តិ​ករ​និយាយថា​រួមមាន “​ការ​ធ្វើតេស្តិ៍​ធាតុ​មេកានិក​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិក​ម្ម​”​។ ទិន្នន័យ​របស់​ប្រតិបត្តិ​ករ​បានបង្ហាញ​ថា​លំហូរ​ឧស្ម័ន​បាន​ធ្លាក់ចុះ​ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។​

​ក្រុមមន្ត្រី​អាល្លឺម៉ង់​មាន​ការសង្ស័យ​អំពី​ចេតនា​របស់​រុស្ស៊ី ជាពិសេស​បន្ទាប់ពី​ក្រុមហ៊ុន Gazprom របស់​រុស្ស៊ី​កាលពី​ខែ​មុន​បាន​កាត់បន្ថយ​លំហូរ​ឧស្ម័ន​តាមរយៈ Nord Stream 1 ចំនួន ៦០ ភាគរយ​។ ក្រុមហ៊ុន Gazprom បានលើកឡើង​ពី​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​តួប៊ីន​ហ្គាស​ដែល​ផ្តល់​ថាមពល​ដល់​ស្ថានីយ​បង្ហាប់ ដែល​ក្រុមហ៊ុន​ដៃគូ Siemens Energy​បញ្ជូន​ទៅ​ប្រទេស​កាណាដា​ដើម្បី​ជួស​​ជុ​ល ហើយ​មិន​អាច​ត្រឡប់មកវិញ​បាន ដោយសារ​ការដាក់ទណ្ឌកម្ម​លើ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​កាណាដា​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​បញ្ជូន​តួប៊ីន​នេះ​ទៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​លើកឡើង​ពី “​ការលំបាក​យ៉ាងខ្លាំង​” ដែល​សេដ្ឋកិច្ច​អាល្លឺម៉ង់​នឹងរង​ផល​ប៉ះពាល់​ដោយ​មិនមាន​​ការផ្គត់ផ្គង់​ឧស្ម័ន​គ្រប់គ្រាន់​។​

​ក្រុម​អ្នកនយោបាយ​អាល្លឺម៉ង់​បាន​ច្រាន​ចោល​ការពន្យល់​ខាង​បច្ចេកទេស​របស់​រុស្ស៊ី​សម្រាប់​ការកាត់បន្ថយ​ឧស្ម័ន​កាលពី​ខែ​មុន​ដែល​ហូរ​តាម​បំពង់ Nord Stream 1 ដោយ​និយាយ​ថា​ការសម្រេចចិត្ត​​នេះ​គឺជា​ល្បែង​នយោបាយ​ដើម្បី​សាប​ព្រួស​ភាពមិនប្រាកដប្រជា​និង​រុញ​តម្លៃ​ថាមពល​ឱ្យ​ឡើង​ខ្ពស់​៕

​បំពង់​បង្ហូរ Nord Stream 1