ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីពន្លឿនការផ្តល់សញ្ជាតិរុស្ស៊ីដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់នៅក្នុងតំបន់ដែលខ្លួនកាន់កាប់។
រហូតមកទល់ពេលថ្មីៗនេះមានតែអ្នកស្រុកនៃតំបន់ដូណិតស៍និងលូហានស៍ភាគខាងកើតនៃប្រទេសអ៊ុយក្រែនក៏ដូចជាប្រជាជននៅតំបន់ហ្សាប៉ូរីហ្សហ្សា (Zaporizhzhia) និងឃើសិន (Kherson) ភាគខាងត្បូង ដែលជាផ្នែកធំមួយស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីប៉ុណ្ណោះ មានសិទ្ធិទទួលបាននីតិវិធីទទួលសញ្ជាតិសាមញ្ញៗនេះ។
នៅចន្លោះឆ្នាំ ២០១៩ នៅពេលដែលនីតិវិធីនេះត្រូវបានណែនាំជាលើកដំបូងសម្រាប់អ្នកស្រុកដូណិតស៍និងលូហានស៍ ហើយនៅឆ្នាំនេះអ្នកស្រុកជាង ៧២០.០០០នាក់នៃតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងតំបន់ទាំងពីរ ពោលប្រហែល ១៨ ភាគរយនៃចំនួនប្រជាជនទាំងនេះ បានទទួលលិខិតឆ្លងដែនរុស្ស៊ី។
នៅចុងខែឧសភាឆ្នាំនេះ ពោលគឺបីខែបន្ទាប់ពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែន នីតិវិធីលឿនៗនេះក៏ត្រូវបានផ្តល់ជូនអ្នកស្រុកនៃតំបន់ហ្សាប៉ូរីហ្សហ្សានិងឃើសិនដែរ។
កាលពីមួយខែមុន លិខិតឆ្លងដែនរុស្ស៊ីដំបូងគេត្រូវបានរាយការណ៍ថាបានប្រគល់នៅទីនោះ។
ក្រឹត្យនេះក៏អនុវត្តចំពោះជនគ្មានសញ្ជាតិទាំងឡាយ ដែលបច្ចុប្បន្នកំពុងរស់នៅអ៊ុយក្រែនផងដែរ។
មន្ត្រីអ៊ុយក្រែនមិនទាន់មានប្រតិកម្មចំពោះការប្រកាសរបស់លោកពូទីននៅឡើយទេ។
ចំណាត់ការចេញលិខិតឆ្លងដែននេះហាក់ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់មេដឹកនាំរុស្ស៊ី ដែលអាចពាក់ព័ន្ធនឹងការកាត់យកទឹកដីបញ្ចូលទៅក្នុងសហព័ន្ធរុស្ស៊ីផងដែរ។
គាត់បានកំណត់ដំណាក់កាលសម្រាប់ការចំណាត់ការបែបនេះសូម្បីមុនពេលការលុកលុយទៅទៀត ដោយលោកសរសេរអត្ថបទមួយកាលពីរដូវក្តៅឆ្នាំមុន ដោយអះអាងថាជនជាតិរុស្ស៊ីនិងអ៊ុយក្រែនគឺជាប្រជាជនតែមួយ និងព្យាយាមបន្ថយភាពស្របច្បាប់របស់អ៊ុយក្រែនក្នុងនាមជាប្រទេសឯករាជ្យមួយ៕
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន