ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ម្តាយ​របស់​អ្នកដឹកនាំ​រឿង​និង​ជានា​ដករ​ល្បីមួយ​រូប លោក​រ៉ា​ម៉ា​យ “​ឌែន​នី​” ម៉ូ​រី​ផាន​(Ramai “Danny” Moriphan)​បាន​ប្តឹង​ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​​ដោយ​សុំអោយ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ការ​ចាប់ជំរិត​កូន​របស់​គាត់​នៅ​មី​យ៉ាន់​ម៉ា​។​

​ជាមួយ​នឹង​ឯកសារប្តឹង លោកស្រី​ខាំ ម៉ូ​រី​ផាន​(Kham Moriphan)​ក៏​បាន​បង្ហាញ​រូប​វីដេអូ រូបថត​និង​លិខិតសរសេរ​ដោយ​លោក រ៉ា​ម៉ា​យ ដែល​ក្នុង​លិខិតនេះ​លោក​បាន​បង្ហាញ​ថា​លោក​ត្រូវ​បាន​រំលោភ​​ទាំង​រាងកាយ​និង​ផ្លូវចិត្តពីសំណាក់​ពួក​យុទ្ធជន​ក្នុង​ក្រុម​ដែល​ហៅថា កងទ័ព​រដ្ឋ​វ៉ា​ឯកភាព​(UWSA)​ចាប់តាំងពី​ដើមឆ្នាំ​២០២២​មក​។​

​លោកស្រី​ខាំ​បាន​និយាយថា កងទ័ព​ជនជាតិ​ភាគតិត​នេះ​បាន​ទាមទារ​ប្រាក់​លោះ​ខ្លួន​២៤​លាន​បាត​ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​កូន​របស់​គាត់​។​ឯកសារ​ទាំងនេះ​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​​ការបរទេស​ផងដែរ​។​

​មេប៉ូលីស​រង​ថៃ ឧត្តមសេនីយ៍ ស៊ូ​រ៉ា​ឆាត ហាក់​ផាន​(Surachate Hakparn)​បាន​និយាយថា មេ​ប៉ូលិស​ជាតិ​ថៃ​បាន​បញ្ជា​ទៅ​ពួក​នាយ​ប៉ូលិស​ជាតិ​និង​តំបន់​ធ្វើការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​នេះ​និង​ធ្វើការ​​ដើម្បីនាំ​លោក​រ៉ា​ម៉ា​យមក​ស្រុក​វិញ​។​តែ​លោក​បានន​និយាយថា មន្ត្រី​ក៏នឹងពិនិត្យមើល​ហេតុផល​នៅ​ពីក្រោយ​ដំណើរ​របស់​លោក​រ៉ា​ម៉ា​យ​ទៅកាន់​រដ្ឋ​វ៉ា និង​ការរកស៊ី​ដែល​ពាក់ព័ន្ធ​នឹង​រូបលោក ដែល​នាំ​ដល់​ការចាប់​​ជំរិត​នេះ​។​

​រូបភាព​បង្ហាញ​នា​ដករ រ៉ា​ម៉ា​យ “​ឌែន​នី​” ម៉ូ​រី​ផាន ជាប់​ខ្នោះ​និង​ត្រូវ​ភ្ជង់​កាំភ្លើង​ដោយ​ទាហាន​រដ្ឋ​វ៉ា​

​លោក​រ៉ា​ម៉ា​យ អាយុ​៤០​ឆ្នាំ ជា​នាដករ​ប្រយុទ្ធ​ថៃ​ដ៏​ល្បី​ម្នាក់​។​គេ​ថា​លោក​ត្រូវបាន​នាំ​ទៅ​កាន់​ទីប្រជុំជន​ម៉ុង​តុង​(Mong Tong)​ក្នុង​រដ្ឋ​សាន​នៅ​មី​យ៉ាន់​ម៉ា ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​ថៃ​។​

​លោកស្រី​ខាំ បានអោយដឹងថា កូនប្រុស​របស់​គាត់រ​ង​ការ​គំរាម​សម្លាប់​បើ​ហ៊ាន​ទាក់ទង​ប្រាប់​ប៉ូលិស​ថៃ​អោយ​ជួយ​។​

​ក្នុង​លិខិត​បង្ហោះ​តាម​អន​ឡា​ញ លោក​រ៉ា​ម៉ា​យ​បាន​និយាយថា លោក​ត្រូវបាន​ចាប់ពង្រត់​កាលពី​ថ្ងៃ០​៤​មករា​និង​ទទួល​ការរំលោភ​លើ​រាងកាយ​និង​ផ្លូវចិត្ត​ចាប់តាំងពី​ពេលនោះ​មក​។​លោក​អះអាង​ថា ពួក​​ទាហាន​កងទ័ព​រដ្ឋ​វ៉ា​ចាប់ចង​លោក បង្ខំ​អោយ​ធ្វើការ​តាំងពី​ព្រឹក​ដល់​យប់​។​មាន​ជនជាតិ​ថៃ​ម្នាក់​ទៀត​ក៏​ត្រូវ​ចាប់ខ្លួន​ដូច​រូបលោក​ផងដែរ​។​ពួក​ទាហាន​ជនជាតិ​ទាំងនោះ​បាន​គំរាម​បាញ់ចោល​បើលោក​ហ៊ាន​រត់​គេច​។​​កងទ័ព​រដ្ឋ​វ៉ា បង្ខំ​អោយ​លោក​ធ្វើការ​ដូច្នេះ និង​ដាក់គុក​រហូត​ដល់​ទទួល​បាន​ប្រាក់​លោះ​៕