ដោយៈ សរិទ្ធ ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបើករថយន្ត បត់ឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿង បើកដោយបុរសម្នាក់ មកពីក្រោយ គេចមិនទាន់ កៀរពីចំហៀង បណ្ដាលឱ្យម៉ូតូ ដួលអូសទៅនឹងថ្នល់ បណ្ដាលឱ្យរងរបួសអ្នក បើកម៉ូតូ យ៉ាងធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុប ព្រៃជីសាក់ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី កែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិចិន ម្នាក់ រួមដំណើរជាមួយស្ត្រីជនជាតិចិនម្នាក់ទៀត បើករថយន្តម៉ាក LEXUS LX570 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0008 ធ្វើដំណើរពីទិស ខាងកើត ទៅខាងលិច លុះមកដល់ចំណុចកើតហេតុ ខាងលើ បានបត់ស្តាំ មកផ្លូវបេតុង រំពេចនោះ ក៏មានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-9603 ជិះដោយបុរសម្នាក់ ធ្វើដំណើរមក ពីក្រោយ គេចមិនទាន់ បានជ្រុលទៅកៀររថយន្ត ពីចំហៀង បណ្ដាលឱ្យដួល អូសជាច្រើនម៉ែត្រ បោកទៅនឹងថ្នល់ រងរបួសអ្នកបើកម៉ូតូ យ៉ាងធ្ងន់។ បន្ទាប់មក រថយន្តសាមុយ បានមកដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕/V-PC