ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ទីភ្នាក់ងារសុខភាពរបស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទទី ១១ខែកក្កដាបានផ្តល់អនុសាសន៍ឱ្យចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទីពីរសម្រាប់អ្នកគ្រប់គ្នាដែលមានអាយុលើសពី ៦០ ចំពេលមានការកើនឡើងថ្មីនៃករណីឆ្លងនិងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទូទាំងទ្វីបអឺរ៉ុប។
ខណៈវ៉ាក់សាំងការពារមេរោគដែលមានស្រាប់នៅតែបន្តផ្តល់ការការពារដ៏ល្អប្រឆាំងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់ ប្រសិទ្ធភាពនៃវ៉ាក់សាំងបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង នៅពេលដែលមេរោគកូរ៉ូណាវិវត្តខ្លួន។
ស្នងការសុខភាពសហភាពអឺរ៉ុប លោកស្រី ស្តែលឡា គីរីអាគីដេស (Stella Kyriakides) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”វាមានសារៈសំខាន់ណាស់ដែលមនុស្សគ្រប់រូបដែលមានអាយុលើសពី ៦០ ឆ្នាំ និងអ្នកដែលងាយរងគ្រោះទាំងអស់ចេញមកដើម្បីទទួលដូសជំរុញទីពីរឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។
ទីភ្នាក់ងារសុខភាពសហភាពអឺរ៉ុបចាប់តាំងពីខែមេសាមកបានផ្តល់អនុសាសន៍ចាក់ដូសជំរុញទីពីរសម្រាប់តែអ្នកដែលមានអាយុលើសពី ៨០ ឆ្នាំ និងអ្នកដែលងាយរងគ្រោះបំផុតប៉ុណ្ណោះ។
អនុសាសន៍ថ្មីនេះត្រូវគេរំពឹងថានឹងជួយសម្រួលដល់ការសម្រេចចិត្តថ្នាក់ជាតិដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ដែលកំពុងមានល្បឿនយឺតដល់កម្រិតជិតបញ្ឈប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកវេជ្ជបណ្ឌិត អង់ដ្រេ អាមម៉ុន (Andrea Ammon) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បច្ចុប្បន្នយើងកំពុងមើលឃើញការកើនឡើងអត្រាឆ្លងករណីកូវីដ១៩និងនិន្នាការកើនឡើងក្នុងការចូលដេកនៅមន្ទីរពេទ្យ និងបន្ទប់ ICUជំរុញដោយមេរោគបំប្លែង BA 5 របស់មេរោគអូមីក្រុង”៕
ទីភ្នាក់ងារសុខភាពសហភាពអឺរ៉ុបចាប់តាំងពីខែមេសាមកបានផ្តល់អនុសាសន៍ចាក់ដូសជំរុញទីពីរសម្រាប់តែអ្នកដែលមានអាយុលើសពី ៨០ ឆ្នាំ និងអ្នកដែលងាយរងគ្រោះបំផុតប៉ុណ្ណោះ