ដោយៈប.ខុន/ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែកក្កដាថាព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងមួយសប្តាហ៍នេះទទួលឥទ្ធិពលជាបន្តបន្ទាប់ដោយនៅថ្ងៃទី១៣និង១៤ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូងនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ពីថ្ងៃទី១៥ដល់១៩ខែកក្កដាឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។
ក្នុងសេចក្តីដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២៣ទៅ២៥អង្សាសេសីតុណ្ណភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដង រែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេសីតុណ្ណភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។នៅថ្ងៃទី១៣និង១៤ខែកក្កដាអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ នៅអំឡុងពីថ្ងៃទី១៥ដល់១៩ ខែកក្កដា នឹងអាចមានភ្លៀងពីតិចទៅមធ្យម ៕សរន-PC