​ដោយៈ សុខុម / រតនគិរី​: អំបូរ​កុលសម្ព័ន្ធ​ជនជាតិដើម​ភាគតិច​ព្រៅ ខេត្តរតនគិរី ពី​បុរាណ មាន​ទម្លាប់​ចោះត្រចៀក ប៉ុន្តែ​មកដល់​បច្ចុប្បន្ន ហាក់​មានការ​ធ្លាក់ចុះ​។​

​ជនជាតិដើម​ភាគតិច​ព្រៅ ចូលចិត្ត​រស់នៅ​តាម​តំបន់​ព្រៃភ្នំ ធ្វើ​ចម្ការ​វិលជុំ និង​បរបាញ់​សត្វ​។ មាន​ទម្លាប់​ចោះត្រចៀក ដាក់​ភ្លុក​ដំរី ឬ​ក្រវិល​។ សាក់​លើ​ថ្ពាល់ និង​ចិញ្ចើម រូប​ជា​ផ្កា​ជ្រៃ​។ ពាក់​អង្កាំ​នៅ​ជុំវិញ​ក​។ កាត់​តម្រឹម​ធ្មេញ ស្រោប​ដោយ មាស​ប្លា​ទីន​។ ពាក់​កងដៃ កងជើង ធ្វើ​អំ ពី​លោហៈធាតុ​ប្រាក់ ទង់ដែង​។ ពាក់​សំពត់​អាវ ដែល​ត្បាញ​ដោយ​ខ្លួនឯង ឬ​ទិញដូរ​។ ជក់​ខ្ដៀ​រ​ឬ​បៀម​ថ្នាំ ខ្លាំង​។​ស្ពាយ​ផា​ដើរ ជើង​ទទេ​។​

​ប្រពៃណី​ចោះត្រចៀក ទាំងប្រុស ទាំងស្រី គឺ​នៅពេល​ចាប់ផ្ដើម​ធំ​ពេញវ័យ មាន អាយុ ជាង ១០ ឆ្នាំ​ឡើង​។ នៅពេល​ចោះ គេ​យក​ម្ជុល​តូចៗ យកទៅ​ចោះត្រចៀក និង​សាក់​រូប​ផ្កា នៅលើ​ផ្ទៃមុខ ចិញ្ចើម និង​កាត់​តម្រឹម​ធ្មេញ​។ បន្ទាប់មក គេ​យក​ឈើ ធាងដូង ទៅ​ដាក់​ក្នុង រន្ធ​ត្រចៀក ទាំងសងខាង ។ ទោះបី​ជាការ​ចោះត្រចៀក និង​សាក់​មុខកាត់​ធ្មេញ ឈឺចាប់​យ៉ាងណា ក៏​ត្រូវតែ​ទ្រាំ​ដែរ​។​

​ពេល​យូរៗ ទៅ​ត្រចៀក ដែល​ចោះ​នោះ នឹង​លែង​ឈឺចាប់​ទៀតហើយ​។ ក្រោយ មកទៀត គេ​យក​ឈើ ឫស្សី​ប៉ុន​ម្រាមដៃ កាត់​តម្រឹម​ឱ្យ​ល្មម ទៅ​ដាក់​ក្នុង​រន្ធ​ចោះ ត្រចៀក ទាំងសងខាង ដើម្បី​ឲ្យ​មាន​រង្វង់​ធំ​។​

​មាន​ទម្លាប់​កាត់​យក​ភ្លុក​ដំរី មក​តម្រឹម ដើម្បី​ញាត់​ចូលទៅក្នុង​រន្ធ​ត្រចៀក គ្រប់គ្នា ពេល​ធំ ពេញវ័យ​។ ក៏ប៉ុន្តែ​បើសិន​ការរស់នៅ មិនបាន​ចោះត្រចៀក​ទេនោះ មនុស្ស ក្នុង​តំបន់​រស់នៅ គេ​នឹង​ចាត់ទុកថា ជា​មនុស្ស​ខុសគេ​។​

​សព្វថ្ងៃនេះ ជនជាតិដើម​ភាគតិច​ព្រៅ តុបតែង​ខ្លួន ស្លៀកពាក់​ទាំង​បុរស និង​នារី ចោះត្រចៀក មិនសូវមាន​ទម្លាប់​ធ្វើតាម​ចាស់ៗ​ទេ គឺ​ពួកគេ​ហាក់​ងាក​មក រក​បែប​ទាន់សម័យ​។​

​ស្របពេល​ប្រទេស មានការ​អភិវឌ្ឍ ដូចជា​ការតភ្ជាប់​ផ្លូវ​ពី​ខេត្ត ទៅដល់​ទីរួមស្រុក ពី​ស្រុក ទៅ​ឃុំ មាន​សាលារៀន និង​មណ្ឌល​សុខភាព​ជាដើម​នោះ​។ ការរស់នៅ របស់​បងប្អូន​ជនជាតិដើម​ភាគតិច លាយឡំ​ជាមួយ​បងប្អូន​ខ្មែរ​ផង​។ ហេតុនេះហើយ បាន​ជាការ​អនុវត្តតាម​ទំនៀមទម្លាប់​ពី​បុរាណ​នោះ មិនបាន​ទាំងស្រុង​។​

​ស្ត្រី​ជនជាតិដើម​ភាគតិច​ព្រៅ ឈ្មោះ ប៉ង​តែ​ល មាន​អាយុ​ជាង ៩០ ឆ្នាំ បច្ចុប្បន្ន រស់នៅ​ជាមួយ​កូនចៅ នៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មាន​កាយវិការ នៅ​មាំមួន អាច​ឡើង​ចុះ​លើផ្ទះ នឹង​ដើរ​បាន​ឆ្ងាយ​គួរសម ព្រមទាំង​និយាយ​ជា​ភាសា​ព្រៅ បាន​ក្បោះក្បាយ​។​

​ក្រៅពី​ស្ត្រី​ម្នាក់នេះ ក៏មាន​ស្ត្រី​ម្នាក់ទៀត មាន​អាយុ​ជាង ១០០ ឆ្នាំ កំពុង​រស់នៅ ស្រុក​តា​វែង​។ ស្ត្រី​ម្នាក់ទៀត ដែលមាន​ចោះត្រចៀក រង្វង់​ធំ អាយុ​ក្រោម ១០០ ឆ្នាំ អ្នកភូមិ​ចាត់ទុកថា បាន​ឆ្លងកាត់​ជាច្រើន​សម័យកាល បាន​ស្លាប់​កាលពី​ប៉ុន្មាន ខែ​មុន​។ ចំណែក បុរស ជនជាតិដើម​ភាគតិច​ព្រៅ មាន​អាយុ​ច្រើន​នោះ ដូច​មិន មាន​ឃើញ​រស់​នៅឡើយ​។ គេ​ឃើញតែ ស្ត្រី​ពីរ​នាក់​ប៉ុណ្ណោះ ដែល​នៅរស់​សព្វ ថ្ងៃនេះ​។​

​យុវជន​ជំនាន់​ក្រោយ ចាត់ទុកថា ស្ត្រី​វ័យ​ចំណាស់​ទាំងពីរ​នាក់ មាន​ចោះត្រចៀក សាក់​មុខ គឺជា​ចាស់ទុំ ជនជាតិដើម​ភាគតិច​ព្រៅ​។​

​ពួកគេ ពិតជា​មានការ​ព្រួយបារម្ភ ចំពោះ​ការបាត់បង់ ទំនៀមទម្លាប់ ប្រពៃណី​ចោះ ត្រចៀក និង​សាក់​មុខ​។​

​ក្មេងស្រី​ឈ្មោះ យ៉ូន សៅ​នឿន រស់នៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន លុង ខេត្តរតនគិរី ត្រូវជា​ចៅស្រី​ឈ្មោះ ប៉ង​តែ​ល និយាយ​រៀបរាប់ បកប្រែ ពី​ភាសា​ព្រៅ មកជា​ខ្មែរ​ថា មានការ​ព្រួយបារម្ភ បាត់បង់​ប្រពៃណី ទំនៀមទម្លាប់ ជនជាតិដើម​ភាគតិច​ព្រៅ​។​

​លោក ថុល យុ​ពង្ស ប្រធានការិយាល័យ​សិប្បកម្ម​សូន​រូប និង​ទទួលបន្ទុក​ការងារ មរតក​អរូបី នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តរតនគិរី បាន​និយាយថាៈ ទំនៀមទម្លាប់​ចោះត្រចៀក មាន​ច្រើន​ជនជាតិដើម​ភាគតិច និង​មាន​ទម្លាប់​រៀងៗ ខ្លួន​។ មកដល់​បច្ចុប្បន្ន ប្រពៃណី ចោះត្រចៀក ជនជាតិ​ព្រៅ មានការ​ធ្លាក់ចុះ​។

​ក្រុមយុវជន ជនជាតិដើម​ភាគតិច យល់ថា ការ​បរបាញ់​សត្វ គឺ​ខុសច្បាប់ មិនអាច ចូល​ព្រៃ សម្លាប់ សត្វ​ដំរី យក​ភ្លុក តទៅទៀត​ទេ​។ ការរស់នៅ​បែប​ទាន់ សម័យ​។ អ្នកជំនាន់ក្រោយ មាន​ភាព​ខ្មាស់អៀន មិនបាន​អនុវត្ត តាម​ទំនៀមទម្លាប់ ពី​ចាស់​បុរាណ ទើប​ធ្វើ​ឲ្យ​វប្បធម៌ ប្រពៃណី មានការ​ធ្លាក់ចុះ​លើ​ផ្នែក​ចោះត្រចៀក សាក់​មុខ កាត់​តម្រឹម​ធ្មេញ​ជាដើម​។ ទោះបីជា​បែបនេះ​ក្តី យុវជន​ជំនាន់​ក្រោយ ជនជាតិ​ព្រៅ នៅតែ​ចង់​បន្ត​រក្សា ទំនៀមទម្លាប់ ប្រពៃណី​របស់ខ្លួន មិន​ឲ្យ បាត់បង់​៕/V​-PC