ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រមុខ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​(CAMSOC)​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា (APSF Coordination Meeting) លើក​ទី​១ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF Council Meeting) លើក​ទី​២ នៅ​កម្ពុជា​បាន​លើកឡើ់ងថា​«​នេះ​គឺជា​ពេលវេលា​ដែល​យើង​អាច​បង្ហាញ​ទៅគ្រប់​សមាជិក​ទាំងអស់​ថា​កម្ពុជា​បាន​បោះជំហាន​លើផ្លូវ​ត្រឹមត្រូវ​ស្រម​តាម​ស្ដង់ដា​កីឡា​អន្ដរជាតិ​ជានិច្ច​ដើម្បី​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ទទួលបាន​ជោគជ័យ​»​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​លើក​ទី​១​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១​ដល់​១៣​កក្កដា ខែកក្កដា​នេះ ដោយមាន​ប្រតិភូ​ចូលរួម​ប្រមាណ​៥០​នាក់​មកពី​១១​ប្រទេស​។​កិច្ចប្រជុំ​នេះ​យកចិត្តទុកដាក់​ទៅលើ​ការបង្ហាញ​ពី​វ​ឌ្ឍ​នា​ភាព​ការងារ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ទៅតាម​ស្ដង់ដារ​នៃ​ជន​មាន​ពិការភាព​និង​ការប្ដេជ្ញាចិត្ត​របស់​ម្ចាស់ផ្ទះ​ព្រមទាំង​បដិសណ្ឋារកិច្ច​ឲ្យ​បានល្អ ចំពោះ​ប្រតិភូ​កីឡា​ជន​មាន​ពិការភាព​។​

​ចំពោះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​២​មាន​ប្រតិភូ​ប្រមាណ​ជាង​១០០​នាក់​មកពី​១១​ប្រទេស​ចូលរួម​។​កិច្ចប្រជុំ​យកចិត្តទុកដាក់​លើ​ការអនុម័ត​ប្រភេទ​កីឡា​និង​ការអនុម័ត​លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​(​ទូរទស្សន៍​)​និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ឲ្យ​ស្របទៅនឹង​និន្នាការ​របស់​ប្រទេស​កម្ពុជា​ព្រមទាំង​ជា​ឱកាស​ផ្ដល់​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​និង​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​បានធ្វើការ​សង្កេតការណ៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកួត​កីឡា​ទៅតាម​ស្ដង់ដារ​បច្ចេកទេស​អន្ដរជាតិ​។​

​សម្ដេច​ពិជ័យ​សេនា​ប្រធាន​បាន​បន្ថែមថា​គណៈកម្មាធិកា​រ​ជាតិ​CAMSOC​ក្នុងនាម​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​បានទទួល​នូវ​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​ដើម្បី​បំពេញបេសកកម្ម​ដ៏​មាន​សារសំខាន់​ពុំ​ធ្លាប់មាន​ក្នុង​ការកសាង​កេរ្ដិ៍ឈ្មោះ​និង​កិត្យានុភាព​ជាតិ​តាមរយៈ​ព្រឹត្តិការណ៍​ជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​នេះ​។​

​ក្នុងនាម​ម្ចាស់ផ្ទះ​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ប្រាកដប្រជា ក្នុង​ការទទួល​បដិសណ្ឋារកិច្ច និង​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា ដែល​នឹង​អញ្ជើញ​ចូលរួម​មកពី​បណ្ដា​ប្រទេស​ទាំងអស់​៕​សរន​-PC