​ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី ១២ កក្កដា​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយបាន​ហាម​មិន​អនុញ្ញាត ឱ្យធ្វើ​ចរាចរ​យានយន្ត គ្រប់​ប្រភេទ លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ​។ ការហាមឃាត់​នេះ ធ្វើឡើង ក្រោយពី​ការធ្វើ​ចរាចរ​យានយន្ត របស់​សាធារណជន បាន​ចូល​ប្រើប្រាស់​ផ្លូវ​នេះ បង្កឱ្យមាន​គ្រោះថ្នាក់ ជា​ញឹកញាប់​។​

​ក្រសួង​សាធារណការ បាន​គូសបញ្ជាក់ថាៈ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ វិនិយោគ​សាងសង់ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម ស្ពាន​ថ្នល់​ចិន (CRBC) បាននិងកំពុង​ដំណើរកា​រ​សាងសង់ មិនទាន់​បញ្ចប់​ទាំង ស្រុង​ទេ ជាពិសេស នៅ​មិនទាន់បាន​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅឡើយ​។
​បច្ចុប្បន្ននេះ ការធ្វើ​ចរាចរ​យានយន្ត របស់​សាធារណជន និង​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចូល​ប្រើប្រាស់​ផ្លូវ​នេះ មានការ​កើនឡើង គួរឱ្យកត់សម្គាល់ និង​បាន​បង្កឱ្យមាន គ្រោះថ្នាក់ ជា​ញឹកញាប់​។​

​ដើម្បី​ជៀសវាង​ការរំខាន ដល់​ដំណើរការ​សាងសង់ បញ្ចប់​គម្រោង​ទាន់ តាម​ពេល វេលា ដែល​បាន​គ្រោងទុក និង​ជៀសវាង​ការបង្ក​គ្រោះថ្នាក់ ក្នុងការ​ធ្វើដំណើរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​ឱ្យ​ក្រុមហ៊ុន​សាងសង់ បិទ​គ្រប់​ច្រកចេញ​-​ចូល ដោយ​មិន​អនុញ្ញាត ឱ្យ​យានយន្ត​គ្រប់​ប្រភេទ ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ក្រៅពី​យានយន្ត​ដែល​បម្រើ​ការងារ ឱ្យ​គម្រោង និង​យានយន្ត​មាន​តម្រូវ​ការចាំបាច់ ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ​៕/V​-PC