ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រោយពីមានសំណូមពរ ជាញឹកញាប់របស់ ប្រជាពលរដ្ឋ រស់នៅភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ដីអំពីសា្ថនភាពជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចលំនៅឋាន និងផ្លូវផងនោះ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ នេះ លោក យិន សាវ៉េន អភិបាល ក្រុងកំពង់ឆ្នាំង រួមនឹងលោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ ឆ្នាំង ដឹកនាំក្រុម ការងារ ដើម្បីប្រជុំសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយ ជាមួយប្រជា ពលរដ្ឋ ធ្វើយ៉ាងណារំដោះទឹកចេញពីភូមិ ។
លោកអភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ដោយសារតែបងប្អូនប្រជាពលរដ្ឋ កន្លងទៅ ចាក់ដីសាងសង់លំនៅដ្ឋាន ដោយមិនបានរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ទើបធ្វើឱ្យមានការជន់លិចបែបនេះ។
លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានបញ្ជាក់ផងដែរថាៈ ដើម្បីរំដោះទឹកចេញ ជូនប្រជាពលរដ្ឋ បាន លុះត្រាតែមានការកាយ ជាប្រឡាយ តាមបណ្ដោយផ្លូវ ហើយ ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ ត្រូវចូលរួមចំណែក ដាក់លូ នៅតាមមុខផ្ទះរៀងៗខ្លួន ប៉ុន្តែបងប្អូន ប្រជាពលរដ្ឋ ត្រូវចូលរួម បដិភាគ ក្នុងការកាយប្រឡាយបង្ហូរទឹកចេញផងដែរ ។
នៅក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ បានស្ម័គ្រចិត្តបរិច្ចាគថវិកា ដើម្បីរួម ចំណែកក្នុង ការកាយរំដោះទឹកចេញផងដែរ។
គួរបញ្ជាក់ដែរថា ផ្លូវបឹងធំ ស្ថិតនៅក្នុងភូមិដំណាក់ពពូល ដែលកំពុងរងការខូច ខាតនេះ បើយោងតាមមន្ត្រីជំនាញ បានបញ្ជាក់ថា បានជាប់កិច្ចសន្យា (កុងត្រា) ជាមួយអង្គការចៃកា ទើបអាជ្ញាធរ មិនហ៊ានជួសជុល និងកសាងផ្លូវនេះឡើងវិញ ៕/V-PC