ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ បានធ្វើ​សកម្មភាព យ៉ាងសកម្ម លើ​ការងារ​ថែទាំ​ផ្លូវថ្នល់​ជាប្រចាំ មាន​ទាំង​ការងារ​លុប​សំបុកមាន់ លុប​ស្នាម​ប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹង​ការ​លាប​បង្គោលគីឡូម៉ែត្រ​ផងដែរ ហើយ​ការងារ​នេះ ពិតជា​ទទួលបាន នូវ​ការកោតសរសើរ ពី​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ ។​

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​អធិបតី ភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មាន ការចូលរួម​ពី​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២ នេះ ។

​បើតាម​របាយការណ៍​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ហាញជូន​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ នា​កិច្ចប្រជុំ​នេះ បានឱ្យដឹងថាៈ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ រដ្ឋបាល រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​យ៉ាងសកម្ម លើ​ការងារ​ថែទាំ​ផ្លូវថ្នល់ ជាប្រចាំ ក្នុងនោះ បាន​លុប​សំបុកមាន់ AC ចំនួន ៥.៨៦៣ ម៉ែត្រការ៉េ (​នៅលើ​ផ្លូវជាតិ​លេខ​១ .៤ .៥ .៦ .២១b) លុប​ស្នាម​ប្រេះ ចំនួន ២.៣៦២ ម៉ែត្រការ៉េ (​ផ្លូវជាតិ​លេខ​១.៥ .៦ .១១០ .២១b) លុប​សំបុកមាន់ DBST ចំនួន​១១៣៥​ម៉ែត្រការ៉េ (​ផ្លូវជាតិ​លេខ​១ .៤ .៦) លុប​កៅស៊ូ​បាច​កំទេច​ថ្ម មួយ​ជាន់ ចំនួន ១.០៤១ ម៉ែត្រការ៉េ លាយ​ល្បាយ​ដី​ថ្ម ចំនួន ៧១៣ ម៉ែត្រការ៉េ (​ផ្លូវជាតិ​លេខ​១ .៤ .៥ .១១០) សម្អាត​លូ បណ្តោយ​ផ្លូវ​ប្រវែង ២.០២០ ម៉ែត្រ (​ផ្លូវជាតិ​លេខ​១ .៤ .៥ .៦ .២១b) សម្អាត​និង​លាប​បង្គោលគីឡូម៉ែត្រ ចំនួន ១៣ បង្គោល (​ផ្លូវជាតិ​លេខ​១ .៤.៦) សម្អាត រុក្ខជាតិ​បណ្ដោយ​ផ្លូវ ប្រវែង​៩.៣៥០​ម៉ែត្រ (​ផ្លូវជាតិ​លេខ​១ .៥ .៦ .២១៦.១១០) សម្អាត​ផ្លូវ ប្រវែង ១២៣ គីឡូម៉ែត្រ (​ផ្លូវជាតិ​លេខ​៤ .៥ .២១b) ស្តារ​ប្រឡាយ​ប្រវែង ៨.៤០០​ម៉ែត្រ (​ផ្លូវជាតិ​លេខ​៤) សម្អាត​លូ​ទទឹងផ្លូវ ចំនួន ១ កន្លែង​(​ផ្លូវជាតិ​លេខ​៤) សម្អាត​បង្គោល គីឡូម៉ែត្រ​ចំនួន ៦​បង្គោល​(​ផ្លូវជាតិ​លេខ​៦) ស្តារលូ​បណ្ដោយ​ផ្លូវ​ប្រវែង ៤០០ ម៉ែត្រ (​ផ្លូវជាតិ​លេខ​៥) ស្តារលូ​ទទឹងផ្លូវ ចំនួន ១ កន្លែង​(​ផ្លូវជាតិ​លេខ​១១០) សម្អាត​ស្ពាន​ប្រវែង ១៦​ម៉ែត្រ (​ផ្លូវជាតិ​លេខ​១១០)​។​

​ចំពោះ​ការងារ​ខាងលើនេះ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ សម្តែង​នូវ ការកោតសរសើរ ចំពោះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី ភ្នំពេញ ដែល​បាន​អនុវត្ត គ្រប់​ជំនាញ ធ្វើឱ្យ​រាជធានី​ភ្នំពេញ រក្សាបាន​នូវ​សោភ័ណ ភាព ជាទី​ក្រុង​ស្អាត មាន​សោភ័ណភាព​។​

​លោក ម៉ប់ សារិន បានលើកឡើង​ទៀតថាៈ ក្នុង​រយៈពេល ៦​ខែ​នេះ ពោលគឺ ក្រោយពេល ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល ចលនា​សង្គម​នៅ​មូលដ្ឋាន មាន​សកម្មភាព​ឡើងវិញ គ្រោះថ្នាក់​ចរាចរណ៍ ក៏មាន​ការកើនឡើង ៧៨ លើក តែ​ទោះជា​យ៉ាងនេះ ក៏​សមត្ថកិច្ច​របស់ យើង នៅតែ​គ្រប់គ្រង​បានល្អ​។​

​លោក​បាន​បន្តថាៈ ថ្នាក់ដឹកនាំ​រាជធានី​-​ខណ្ឌ​-​សង្កាត់ ដោយ​រយៈពេល ៦​ខែ កន្លងមកនេះ ក្រោម​ការដឹកនាំ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​បាន​ឆ្លងកាត់​វិញ្ញាសា លំបាក​ស្មុគស្មាញ ជាច្រើន តែ​យើង​ខិតខំ​ពុះពារ បានជា​បន្តបន្ទាប់ ហើយ​ទទួលបាន​លទ្ធផល គួរ​ជាទី​មោទនៈ ទាំង​ក្នុង​វិស័យ​រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅ​គ្រប់​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ ការកសាង​សមិទ្ធផល ក៏ដូចជា ការផ្តល់​សេវាកម្ម ពិសេស​មុន និង​ក្រោយ ការប្រកាស​បើក ដំណើរ ការ​សេដ្ឋកិច្ចសង្គម​ឡើងវិញ ដែល​រួមចំណែក​ដល់ កំណើន​សេដ្ឋកិច្ចជាតិ​៕/V​-PC