​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ Fulham បាន​ចុះហត្ថលេខា​ទិញ​ខ្សែបម្រើ​ប្រេ​ស៊ីល អង់​ដ្រេ​ស ប៉េ​រ៉េរ៉ា (Andreas Pereira) ពី​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ នេះ​បើ​តាម​ក្លឹប​ដែល​ទើបនឹង​ឡើង​មក​ក្របខ័ណ្ឌ Premier League មួយ​នេះ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កក្កដា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង់គ្លេស​បាន​រាយការណ៍​ថា Fulham បាន​ចំណាយ​ប្រាក់​ដំបូង​ចំនួន ៩ លាន​ផោន (១០,៧១ លាន​ដុល្លារ​) សម្រាប់​កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​ដែល​នៅសល់​រយៈពេល​មួយ​ឆ្នាំ​​លើ​កិច្ចសន្យា​ជាមួយ United ។​

​ប៉េ​រ៉េរ៉ា ដែល​មាន​ជម្រើស​បន្ត​កុងត្រា​រយៈពេល ១២ ខែ​បន្ថែមទៀត បាន​ប្រាប់​វេបសាយ​របស់​ក្លិប​ថា “​ខ្ញុំ​ចង់​ជួយ Fulham ឱ្យបាន​ច្រើន​តាម​ដែល​ខ្ញុំ​អាច​ធ្វើទៅបាន​។ អ្នក​ចាត់ការ​ទូទៅ​លោក ម៉ាកូ ស៊ី​ល​វ៉ា (Marco Silva) មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​រឿងនេះ​។ ខ្ញុំ​បាន​និយាយ​ច្រើន​ណាស់​ជាមួយ​គាត់ ហើយ​គាត់​គឺជា​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​ខ្ញុំ​មក​ទីនេះ​”​។​

​ប៉េ​រ៉េរ៉ា​បាន​ចូលរួម​ជាមួ​យ Man Utd ពី PSV Eindhoven ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ​ខកខាន​ក្នុងការ​ពង្រឹង​ខ្លួនឯង​ឱ្យ​ក្លាយជា​ជម្រើស​ដំបូង​នៅ​កីឡដ្ឋាន Old Trafford ដោយ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​លើ​ការខ្ចី​ជើង​នៅ Granada, Valencia, Lazio និង​ថ្មីៗ​នេះ​នៅ Flamengo ។​

​រូបគេ​បាន​បង្ហាញខ្លួន ២៩ លើក​សម្រាប់​ក្រុមប្រេ​ស៊ីល​កាលពីរ​ដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន​បី​គ្រាប់​។​

​ប៉េ​រ៉េរ៉ា​បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​គេ​ដែល​ចាកចេញ​ពី Man United បន្ទាប់​ពី​ការចាកចេញ​របស់​ផូល ផុ​កបា​, វ័ន ម៉ា​តា (Juan Mata), ណេ​ម៉ាន​ចា ម៉ា​ទីក (Nemanja Matic) និង ជេស​សេ លីន​ហ្គាដ (Jesse Lingard) ខណៈ​អ្នក​ចាត់ការ​ទូទៅ​ថ្មី​លោក អេ​រិក ថិ​ន ហាក (Erik ten Hag) កំពុង​បន្ត​កសាង​ក្រុម​ឡើង​វិញ​៕

អង់​ដ្រេ​ស ប៉េ​រ៉េរ៉ា ចុះ​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​ជា​មួយ Fulham