ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងជួបពិភាក្សាការងារ ជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងការបរទេស។
ជំនួបពិភាក្សានេះ នឹងផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗ មួយចំនួនទៀត ។
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុក កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២២។
តាមកម្មវិធីលោក Daniel J. Kritenbrink នឹងអញ្ជើញទៅទស្សនកិច្ច នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
សូមជម្រាបថា លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ កាលពីពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ ទស្សនកិច្ច កាលនោះ ផ្តោតលើការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែម នូវមជ្ឈភាពអាស៊ាន ភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គ មានវិបុលភាព ភាពបើកចំហ និងសន្តិសុខ ច្រើនថែមទៀត។
សម្រាប់ទស្សនកិច្ច នៅប្រទេសកម្ពុជា នាពេលនោះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន៕/V
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយលោក Daniel J. Kritenbrink (រូបថតៈ មុនីរ័ត្ន)