ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង តា​ស៊ី ចូ​ដិន (Tashi Choden) មិន​ត្រឹមតែ​ជាបេ​ក្ខ​នារី​ដំបូង​គេ​ដែល​តំណាងឱ្យ​ប្រទេស​ប៊ូ​តង់​ក្នុង​ការប្រឡង​បវរកញ្ញា​ចក្រវាល​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នាង​​ក៏​ជា​បុគ្គល​សាធារណៈ​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​តែ​ម្នាក់​គត់​របស់​ប្រទេស​នៅ​តំបន់ភ្នំ​ហិ​ម៉ាឡៃ​នេះ​ផងដែរ​។​

​ប្រទេស​ដាច់ស្រយាល​នេះ​មាន​ភាពល្បីល្បាញ​ខាង​ទស្សនវិជ្ជា​នៃ “​សុភមង្គល​ជាតិ​សរុប​” ដែល​ក្នុងនោះ​ប្រទេស​នេះ​ផ្តល់​អាទិភាព​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ស្មើគ្នា​ទៅនឹង​កំណើន​សេដ្ឋកិច្ច​។​ប៉ុន្តែ​​រហូតមក​ទល់​ខែកុម្ភៈ ឆ្នាំ ២០២១ ការ​រួមភេទ​របស់​ប្រុស​ដូច​គ្នា​ត្រូវ​បាន​កំណត់​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ថា​ជា “​ការប្រព្រឹត្ត​ផ្លូវភេទ​ផ្ទុយ​នឹង​ច្បាប់​ធម្មជាតិ​”​ហើយ​ត្រូវបាន​ចាត់ទុក​ថា​ខុសច្បាប់​នៅក្នុង​ប្រទេស​​កាន់​ព្រះពុទ្ធសាសនា​មួយ​នេះ​។​

​នាង​បាន​និយាយថា ការណ៍​នោះ​បាន​ធ្វើឱ្យ​ការ​គ្រង​មកុដ​របស់​នាង​កាលពី​ខែ​មុន​ក្នុងនាម​ជា​បវរកញ្ញា​ប៊ូ​តង់​ឆ្នាំ​២០២២​ក្លាយជា “​រឿង​សំខាន់​បំផុត​” សម្រាប់​ប្រទេស​ដែល​មាន​មនុស្ស​ជិត ៨០០.០០០ នាក់ និង​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា (LGBTQ) របស់ខ្លួន​។​

​នាង​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា “​ខ្ញុំ​មិន​ត្រឹម​តែ​និយាយ​សម្រាប់​សហគមន៍​ប៊ូ​តង់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ខ្ញុំ​ក៏​កំពុង​និយាយ​សម្រាប់​សហ​គ​មន៍​ជនជាតិភាគតិច​នៅ​លើ​វេទិកា​ដូចជា​ការប្រឡង​​បវរកញ្ញា​ចក្រវាល​ផងដែរ​។ ខ្ញុំ​អាច​ជា​សំឡេង​របស់​ពួកគេ​”​។​

​បវរកញ្ញា​អាយុ ២៣ ឆ្នាំ ដែល​បាត់បង់​ឪពុក​ម្តាយ​ទាំងពីរ​ពេល​នាង​មាន​អាយុ ១៤ ឆ្នាំ បាន​និយាយថា នាង​បាន​ចេញ​មុខ​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ក្នុង​ទិវា​មោទនភាព​អន្តរជាតិ បន្ទាប់​ពី​”​ការស្រាវជ្រាវ​និង​​ការ​ត្រិះរិះ​ពិចារណា​ហ្មត់ចត់​យ៉ាងច្រើន​”​។​

​ដំបូង​ឡើយ វា​បាន​ជំរុញឱ្យមាន “​ប្រតិកម្ម​ខ្លាំង​” ពី​សមាជិក​គ្រួសារ​អភិរក្សនិយម​និង​សាសនានិយម​របស់​នាង ប៉ុន្តែ​នាង​ចូ​ដិនបាន​និយាយ​ថា​វាមា​ន​សារៈសំខាន់​សម្រាប់​ពួកគេ​ដើម្បី​ក្លាយ​ជា​ផ្នែក​នៃ​​ដំណើរការ​ចេញ​បង្ហាញ​មុខ​របស់​នាង​។​

​នាង​បាន​និយាយថា “​ដំបូង​បំផុត ការទទួលយក​របស់​ពួកគេ​គឺ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ​។ មួយរយៈ​ធំ​ចុងក្រោយ​នេះ ពួកគេ​បាន​ទទួលយក​វា​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ពិតជា​ដឹងគុណ​ណាស់​ចំពោះ​រឿង​នោះ ពី​ព្រោះ​មនុស្ស​ជាច្រើន​មិន​មាន​សំណាង​ទទួលបាន​ការទទួលយក​បែប​នោះ​ទេ​”​។​

“​ដរាបណា​ពួកគេ​ដឹងថា ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ក្នុង​ជីវិត ខ្ញុំ​អាចឈរជើង​ដោយ​ខ្លួនឯង​បាន ខ្ញុំ​អាច​ក្លាយជា​ស្ត្រី​ឯករាជ្យ ខ្ញុំ​គិតថា​ភេទ​របស់​ខ្ញុំ​មិន​សំខាន់​សម្រាប់​ពួកគេ​ទេ​”​។​

​ខណៈ​នាង​ទទួលបាន “​ប្រតិកម្ម​អវិជ្ជមាន​មួយចំនួន​” នៅលើ​បណ្តាញ​អ៊ីនធឺណិត​បន្ទាប់ពី​នាង​បាន​គ្រង​មកុដ​និង​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​ឱ្យ​ប្រទេស​ប៊ូ​តង់​នៅក្នុង​ប្រឡង​បវរកញ្ញា​ចក្រវាល ជ័យលាភី​របស់​នាង​ហាក់​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ឡើង​ពី​ក្នុង​និង​ក្រៅប្រទេស​។​

​នាយករដ្ឋមន្ត្រី​ប៊ូ​តង់​លោក ឡូ​តា​យ សឺ​រីង (Lotay Tshering) ដែល​ល្បី​ធ្វើ​ជា​វេជ្ជបណ្ឌិត​រាល់​ចុង​សប្តាហ៍​ក្នុងនាម​ជា “​អ្នក​ព្យាបាល​ស្ត្រេ​ស​” បាន​អបអរសាទរ​នាង​ដោយផ្ទាល់​និង​ជូនពរ​ឱ្យ​នាង​ទទួលបាន​ជោគជ័យ​៕

នាង តា​ស៊ី ចូ​ដិន ជា​បវរកញ្ញា​ភេទ​ទី​បី​ដំបូង​បំផុត​តំណាង​ឱ្យ​ប៊ូ​តង់​ក្នុង​ការប្រឡង​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០២២