ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី ព្រមទាំងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រមការងារយុវជនអភិវឌ្ឍន៍ខេត្ត កាលពីល្ងាច ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២២ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន (គ្រឿងឧបភោគបរិភោគ គ្រឿងសក្ការៈ) ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន២២ ទូទាំងក្រុងសិរីសោភ័ណ។ ការប្រគេននេះ នៅមុនឱកាសបុណ្យចូលព្រះវស្សា នឹងមកដល់ក្នុងពេលដ៏ខ្លី ខាងមុខនេះ ហើយបានធ្វេីរួម នៅវត្តជុំគិរីចំការខ្នុរ ស្ថិតនៅភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ទេយ្យទាន ចូលវស្សា ចំនួន ២២ វត្ត ក្នុង១វត្តៗ ក្នុងក្រុងសិរីសោភ័ណ បានទទួលទៀន ២ ដើម , អង្ករ ២ ការ៉ុង (១០០ គីឡូក្រាម) មីជាតិ ៣ កេស , ទឹកសុទ្ធវីតាល់ ៣ កេស , ទឹកត្រី ៥ យួរ , ទឹកសុីអុីវ ៥ យួរ , សាដក ១ ឈុត និងបច្ច័យ ៤៨ មុឺនរៀល។
ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ បានមានសង្ឃដិកាថាៈ រដូវនេះ ជារដូវចូលវស្សា ពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុ យកទៅប្រគេន ព្រះសង្ឃ នៅតាមទីវត្តអារាម ជាហូរហែរ ហើយក្នុងការចូលវស្សានេះ មានរយៈពេល ៣ខែ ព្រះសង្ឃគ្រប់វត្តអារាម ទូទាំងប្រទេសខ្មែរ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រ នៅទីណាបាន ឡើយ ហើយក្នុងចូលវស្សានោះ ពុទ្ធបរិស័ទ តែងតែនាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងចង្ហាន់ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់ លោកខាងមុខ។
ចំណែកលោក អ៊ុំ រាត្រី ក៏បានលើកឡើង ពីការរីកចំរើន និងកំពុងអភិវឌ្ឍន៍ ក្នុងខេត្តន្ទាយមានជ័យ អំពីវិស័យពុទ្ធចក្រ វត្តអារាម និងព្រះសង្ឃជាដើម ៕/V