ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ថ្នាក់ដឹកនាំ និងសមាជិកគណៈរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ។
លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រតិភូខេត្ត ទៅគោរពវិញ្ញាណក្ខន្ធ និងប្រគល់សាររំលែកទុក្ខដ៏ក្រៀមក្រំ របស់រដ្ឋបាលខេត្ត ជូនលោកប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប។
លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាព ក្នុងជន្មាយុ ៦៧ ឆ្នាំ បន្ទាប់ពីរងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលថ្លែងសង្កថាឃោសនាបោះឆ្នោត នៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងណារ៉ា ភាគលិចប្រទេសជប៉ុន ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទើបតែបញ្ចប់ការកាន់មរណទុក្ខលោក អាបេ សុីនហ្សូ កាលពីអាទិត្យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ព្រមទាំងមានការបង្ហូតទង់ជាតិ ពាក់កណ្ដាលដង ផងដែរ។
លោក អាបេ សុីនហ្សូ គឺជារដ្ឋបុរសមួយរូប របស់ប្រជាជនជប៉ុន ជាឥស្សរជនមានឥទ្ធិពល លើពិភពលោក និងជាមិត្តភក្ដិបរទេសដ៏ស្និទ្ធស្នាល និងដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារគោរពជូនលោកប្រធានការិយាល័យ កុងស៊ុលជប៉ុន ប្រចាំក្រុងសៀមរាប ដើម្បីចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះមរណភាព អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ៕/V