​ដោយ​៖ សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ លោក ឡាស ហ្វ្រី​ស (Lars Friis) ប្រធាន​សហព័ន្ធ​កីឡា ប៉េតង់​ដា​ណឺ​ម៉ាក បាន​ទទួលស្គាល់ថា កម្ពុជា គឺជា​ប្រទេស​ខ្លាំង​មួយ លើ​ប្រភេទ​កីឡា​ប៉េតង់ ក្នុងចំណោម​ប្រទេស​ខ្លាំងៗ​ជាច្រើន ដែល​បាន​ចូលរួម​កីឡា​ពិភពលោក (World Games) ឆ្នាំ​២០២២ នៅ​ទីក្រុង Birmingham រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​។​

​ប្រមុខ​ប៉េតង់​ដា​ណា​ម៉ាក់​រូបនេះ បានលើកឡើង​ថាៈ ក្រុមកីឡា​ការិនី​ដា​ណឺ​ម៉ាក ប៉ះ​ក្រុមកីឡា ការិនី​កម្ពុជា គឺជា​ក្តីបារម្ភ ដោយសារ​កីឡាការិនី​កម្ពុជា មួយរូប ជា​ម្ចាស់​ពានរង្វាន់​ពិភពលោក និង​កីឡាការិនី​ម្នាក់ទៀត ក៏​ខ្លាំង​ផងដែរ ប៉ុន្តែ​ដា​ណឺ​ម៉ាក ក៏មាន​កីឡាការិនី​ខ្លាំង សម្រាប់​ប្រកួត ជាមួយ​កម្ពុជា​ដែរ​។ ប្រសិនបើ​ឈ្នះ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​ប្រទេស ដា​ណឺ​ម៉ាក​។​

​ការប្រកួត នឹង​ស្វិតស្វាញ ហើយ​ទាក់ទាញ​ខ្លាំង ដោយសារ​ដា​ណឺ​ម៉ាក ស្ថិតក្នុង​ពូ​ល​ក្រហម ជាមួយ​កម្ពុជា បារាំង និង កាណាដា ដែល​សុទ្ធសឹង​ជា​ក្រុម ដែលមាន​កីឡាការិនី​ខ្លាំងៗ ធ្លាប់​ឈ្នះ​មេដាយមាស និង​ពានរង្វាន់​ពិភពលោក ផងដែរ​។​

​លោក​ទទួលស្គាល់ថាៈ ប្រទេស​បារាំង និង កម្ពុជា មានលទ្ធភាព​ច្រើន ទៅកាន់​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ពួកគេ អាច​នឹង​ក្លាយជា​ម្ចាស់ មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​។​

​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ដា​ណឺ​ម៉ាក​រូបនេះ បាន​បន្ថែមថាៈ ព្រឹត្តិការណ៍​ប្រកួត​កីឡា ពិភពលោក នៅ​សហរដ្ឋអាមេរិក ឆ្នាំនេះ រៀបចំ​នៅ​ទីក្រុង​ធំ សកល​វិទ្យាល័យ​ក៏​ធំ ប៉ុន្តែ​អ្នករៀបចំ យក​កីឡា​ប៉េតង់ ទៅ​ដាក់​ឆ្ងាយ​ដាច់​ពី​គេ ដូច្នេះ​ពិបាកទៅ​ចូលរួម​ទស្សនា​។ ប៉ុន្តែ​លោក​គិតថា អ្នករៀបចំ បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​។ ទោះជា​យ៉ាងណា កម្មវិធី​មិនទាន់​ចាប់ផ្តើម​ដែរ ដូច្នេះ​លោក ក៏​មិនអាច​វាយតម្លៃ​បានដែរ តែ​ក្រុម​ល្អៗ មក​ចូលរួម សុទ្ធតែជា​ក្រុម​ខ្លាំងៗ ជាពិសេស គឺ​ក្រុម​កម្ពុជា​។​

​ចំពោះ កញ្ញា គិ​ន សំណាង អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានបញ្ជាក់​ថាៈ សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​ពិភពលោក អញ្ជើញ​ចូលរួម​ជា​លើកដំបូង​នេះ និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ពិភពលោក ដែលមាន​អាយុកាល ៤១ ឆ្នាំ គឺ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨១ នៅ​រដ្ឋ Santa Clara សហរដ្ឋអាមេរិក​។ សម្រាប់​ឆ្នាំ​២០២២ នេះ ធ្វើ​នៅ​ទីក្រុង Birmingham រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​ដែរ​។​

​ការប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ លើ​ប្រភេទ​កីឡា​ប៉េតង់ មាន ២​វិញ្ញាសា ដាក់​ឲ្យ​ប្រកួត គឺ​វិញ្ញាសា ២​នាក់ ទល់​២​នាក់ និង​វិញ្ញាសា​វាយយក​ពិន្ទុ​។ ចំពោះ​វិញ្ញាសា​វាយយក​ពិន្ទុ មាន ៨ ប្រទេស​ចូលរួម ក្នុងនេះ​មាន កម្ពុជា កាណាដា អាមេរិក ដា​ណឺ​ម៉ាក បារាំង ថៃ ប៊ែ​ល​ហ្សិ​ក និង អាល្លឺម៉ង់​។​

​ការប្រកួត​តាម​រូបមន្ត ជុំ​ទី​១ ជ្រើស​រើសយក​ពីរ​ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ឡើងទៅ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ជុំ​ទី​២ នៅសល់ ៦ ក្រុម ប្រកួត​យក ២ ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់ជាង ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​យក​លេខ​១ ប៉ះ​លេខ​៤ ខណៈ​លេខ​២ ប៉ះ​លេខ​៣​។​

​បន្ទាប់មក អ្នកឈ្នះ ជួប​អ្នកឈ្នះ ដណ្តើមយក​មេដាយមាស អ្នកចាញ់ ជួប​អ្នកចាញ់ ដណ្តើមយក​មេដាយ​សំរឹទ្ធ​។ រីឯ​វិញ្ញាសា ២​នាក់ ទល់​២​នាក់ ចែកជា ២ ពូ​ល គឺ​ពូ​ល​ក្រហម មាន កាណាដា បារាំង កម្ពុជា និង ដា​ណឺ​ម៉ាក ហើយ​ពូ​ល ស មាន អាល្លឺម៉ង់ ប៊ែ​ល​ហ្សិ​ក អាមេរិក និង ថៃ ប្រកួត​តាម​រូបមន្ត ក្នុង​ពូ​ល​នីមួយៗ យក​លេខ​១ និង​លេខ​២ ធ្វើការ​ប្រកួត​ខ្វែង បន្ទាប់មក ឈ្នះ​ជួប​ឈ្នះ យក​មេដាយមាស ចាញ់​ជួប​ចាញ់ យក​លេខ​៣​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ នេះ មាន​ប្រទេស​ជាង ១០០ ជុំវិញ ពិភពលោក ចូលរួម​ប្រកួត​លើ ៣៤ ប្រភេទ​កីឡា ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០២២ ។​

​សម្រាប់​កម្ពុជា បញ្ជូន​កីឡាការិនី ២ រូប និង​ប្រតិភូ ៣ រូប ចូលរួម ប្រកួត​លើ ២ វិញ្ញាសា គឺ​វិញ្ញាសា​វាយ​គូ និង​វិញ្ញាសា​វាយយក​ពិន្ទុ ក្នុងនោះ មាន​កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា កញ្ញា គិ​ន សំណាង អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លោក ហៀន ថាវរៈ និង​លោក ចាន់ វិចិត្រ មន្ត្រី​ព័ត៌មាន​៕/V​