ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : នគរបាល​២​ខេត្ត​បាន​អនុវត្ត​ដីការ​បង្គាប់​អោយ​ចាប់​និង​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ​ដោយ​ចាប់​អ្នកកាសែត​ម្នាក់​ដែល​គេចខ្លួន ពី​ខេត្តកំពង់ធំ​ទៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក្នុង​បទ​ចោទ​កំហែង​យក ខណ​:​បុគ្គល​នេះ​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​ជា​បន្តបន្ទាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ​អោយដឹង​ថ្ងៃទី​១២​ខែកក្កដា ថា កម្លាំង​នគរបាល​ខេត្ត​ទាំងពីរ​ពិតជា​សហការ​ចាប់​និង​នាំខ្លួន​មែន​ឈ្មោះ ហ៊ាង លី​ហាក់ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ទីលំនៅ​ស្នាក់​បច្ចុប្បន្ន​ភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​កាលពី​ម៉​ង​៨​យប់​ថ្ងៃទី​១១​ខែកក្កដា ពី​ផ្ទះសំណាក់​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

​ជុំវិញ​បទ​ចោទ​នេះ បើ​យោង​ព័ត៌មាន​ពី​ខេត្តកំពង់ធំ​បានអោយដឹងថា ករណីនេះ គឺ​ទាក់ទិន​នឹង​បណ្តឹង​របស់​ឈ្មួញ​រកស៊ី​ឈើ​និង​មន្ត្រី​បរិស្ថាន ដែល​ប្តឹង​ពី​ការ​ជំរិត​ទារប្រាក់​(​កំហែង​យក​) ។​

​ចំណែក​មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក​ម្រឹត​ស្រាល​ខេត្តបន្ទាយមានជ័យ​និង​ក្រុង​ប៉ោយប៉ែត​បាន​ស្រង់​ចម្លើយ​របស់​ហ៊ាង លី​ហាក់ ដូចដែល​ឆ្លើយ​សារភាពថា : ឈ្មោះ​នេះ​បាន​ចេញពី​ខេត្តកំពង់ធំ​មក​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ពី​ជាង​១០​ថ្ងៃមុន ក្នុង​ខែមិថុនា ទៅ​ស្នាក់នៅ​បន្ទប់​នៃ​ផ្ទះសំណាក់​ប៉ូ​ប៉ូ ក្នុង​បំណង​គេចខ្លួន​ពី​ដីកា​តុលាការ អោយ​ហួស​ពី​សុពលភាព​សិន ហើយ​រង់ចាំ​អោយ​មេធាវី​ចូលទៅ​ធ្វើការ​ជំនួស តែ​ពេលនេះ ត្រូវ​ចាប់ខ្លួន​ទៅ ។​

​យោង​ប្រភពព័ត៌មាន​នានា​និង​ពី​សមត្ថកិច្ច​អោយដឹងថា :​ក្នុងអំឡុង​ថា​គេចខ្លួន​ទៅ​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ឈ្មោះ​នេះ មិនបាន​សម្ងំ​លាក់ខ្លួន​អ្វី​ទេ ប៉ុន្តែ​ថែមទាំង​បានចេញ​ធ្វើដំណើរ​ឬ​សកម្មភាព​ផ្សេងៗ​ជាធម្មតា រួមទាំង​ទាក់ទិន​នឹង​យក​ព័ត៌មាន ដែលមាន​លាយឡំ​នឹង​ប្រព្រឹត្ត​បទ​កំហែង​យក​ថ្មីៗ​ជាច្រើន​ករណី​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ​ជាដើម ។​

​ក្នុងនោះ យោង​បណ្តឹង​របស់លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចសាសនា​ខេត្តបន្ទាយមានជ័យ អោយដឹង​ថ្ងៃទី​១២​ខែកក្កដា​: លោក​ក៏​រង​ការ​កំហែង​យក​ពី​ឈ្មោះ​ហ៊ាង លី​ហាក់ រហស្សនាម​”​ជលសារ​”​នេះដែរ ដោយ​ភ្ជាប់​លោក​ទៅនឹង​ការបង្កើត​និង​ប្រឌិត​រឿងរ៉ាវ​មួយចំនួន ។​

​លោក​បន្តថា : ឈ្មោះ​នេះ​បាន​ប្រើប្រាស​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​មួយចំនួន រួមទាំង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុន​( Messenger),Telegram ដើម្បី​សួរ​លោក​របៀប​សួរចម្លើយ​និង​ទាមទារ មិនមែន​សួរ​របៀប​សម្ភាសន៍​បំភ្លឺ​ព័ត៌មាន​ឡើយ ។​

​ឈ្មោះ​ហ៊ាង លី​ហាក់ ថា ជា​ចាងហ្វាង ,​ជា​អ្នក​សា​ព័ត៌មាន​ដូចជា ឆៃ​វីរ​:​យុទ្ធ​, និង​ប្តូរ​ឈ្មោះ​ទៅ​ថ្មីៗ​ជាច្រើន​ទៀត ព្រមទាំង​បណ្តាញ​សង្គម​ដាក់ឈ្មោះ​ស្វែងរក​ការពិត​ក្នុងសង្គម​, លី​ហាក់ ហ៊ាង​,​ចំរើន រឹទ្ធ​,.​ជាដើម ក្នុងនោះ​សា​ម៉ី​ខ្លួន​រូបនេះ ក៏​ភ្ជាប់​ខ្លួន​ទៅ​អង្គភាព​រដ្ឋ មន្ត្រី​និង​អង្គភាព​សមាគម​អ្នកសារព័ត៌មាន​មួយទៀត​ផងដែរ ។​

​ករណី​ចោទប្រកាន់​ដូចខាងលើ ឈ្មោះ​ហ៊ាង លី​ហាក់ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នគរបាល ដោយ​ទទួលស្គាល់​បទ​ប្រព្រឹត្តល្មើស​មួយចំនួន និង​បដិសេធ​មួយចំនួន ។​

​ពោលគឺ​ឈ្មោះ​នេះ​ឆ្លើយ​ដូច្នេះ ខណ​:​កម្លាំង​នគរបាល​នៃ​ខេត្ត​ទាំងពីរ​ខាងលើ​បាន​ផ្ទេរ ប្រគល់​លោក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តកំពង់ធំ ដើម្បី​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​កំពង់ធំកាលពី​ថ្ងៃត្រង់​ថ្ងៃទី​១២​ខែកក្កដា ៕​