ដោយៈ វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ បាន​ចូលរួម​ក្នុង​ពិធី​លែង​កូន​ត្រី​ចម្រុះ ចំនួន​ជាង ១ ម៉ឺន​ក្បាល ស្ថិតនៅ​ស្រះ​ទឹក ក្នុង​បរិវេណ​រមណីយដ្ឋាន ប្រាសាទព្រៃ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ដើម្បី​អបអរសាទរ​ទិវា​មច្ឆជាតិ ១​កក្កដា ។

​ពី​ធី​លែង​កូន​ត្រី​នេះ ក៏មាន​ការចូលរួម​ពី​អស់លោក លោកស្រី ជា​ប្រធាន​មន្ទីរ​-​អង្គភាព​នានា ក្នុង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ លោកនាយ​ករង រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ / អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ មួយចំនួនទៀត​។

​សូមបញ្ជាក់ថា ទិវា​មច្ឆជាតិ ធ្វើឡើង​ក្នុង​គោលបំណង​ស្តារ​មច្ឆជាតិ និង​ជីវចម្រុះ​ឡើងវិញ ការពារ​ជលផល​នៅ​កម្ពុជា ឱ្យបាន​គង់វង្ស និង​បង្កើន​ទិន្នផល​ត្រី សម្រាប់​ដោះស្រាយ ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ជនបទ ឱ្យ​កាន់​តែមាន​ជីវភាព​ធូរធារ​។ ទិវា​នេះ ក៏បាន​ជួយ កាត់បន្ថយ​ភាពក្រីក្រ តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ហើយ​ការលែង​កូន​ត្រី នេះដែរ​ក៏​ដើម្បី​ចូលរួម​ធ្វើបុណ្យ​កុសល ពង្រឹង​សាមគ្គីភាព និង​ភាពស្និទ្ធស្នាល រវាង​គ្នា​និង​គ្នា ផងដែរ​។​

​លោក ស្រេង គ្រី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តស្វាយរៀង បាន​ផ្តាំផ្ញើ​ដល់​ប្រជាជន ទាំងអស់ ឱ្យ​ចូលរួម​ក្នុង​ការលែង​ត្រី ដើម្បី​លើកកម្ពស់​ការស្តារ​ជីវចម្រុះ​ឡើងវិញ ទាំងអស់គ្នា ពិសេស​ចំពោះ​អ្នកនេសាទ សូមកុំ​នេសាទ​ត្រី នៅ​រដូវ​ត្រី​ពង ឬ​ប្រើប្រាស់​ឧបករណ៍ ខុសច្បាប់ ដើម្បី​នេសាទ​ត្រី​ជាដើម​។

​លើសពីនេះ លោក​សូម​អរគុណ លោក​អភិបាលខេត្ត​ស្វាយរៀង និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​លែង​កូន​ត្រី នៅ​ស្រះ​ទឹក ក្នុង​រមណីយដ្ឋាន​ព្រៃ​បាសាក់ ដែលជា​តំបន់​ទេសចរណ៍​មួយ សម្រាប់​ខេត្តស្វាយរៀង ដែល​ទាំងនេះ ជាការ​ចូលរួមចំណែក ជួយ​អភិរក្ស​មច្ឆជាតិ ដើម្បី​បង្កើន​ធនធាន​ជលផល ឱ្យ​កាន់តែ​កើនឡើង​ថែមទៀត​៕/V