​ដោយៈ សុខុម / មណ្ឌលគិរី​: សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​បទល្មើស គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់ បាន​ចំនួន ១០ នាក់ បើ​គិត​មកដល់ ត្រឹម​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​។​

​ការបង្ក្រាប​នោះ បានធ្វើ​ឡើង​ក្រោម​បញ្ជា​រលោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី និង​មានការ​សម្របសម្រួល ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​សហការ ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សែន​មនោ​រម្យ ដោយ​ប្រើ​វិធាន​ញុះញង់ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ១​ករណី ដោយបាន​រឹបអូស​ថ្នាំញៀន​១​កញ្ចប់​ធំ ពី​ឈ្មោះ សាំង ឈី នៅ​ចំណុច​ហាង​ឆៃលី ស្ថិតនៅ​ភូមិ​ចំការ​តែ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។​

​បន្ទាប់មក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង និង​កម្លាំង​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​ដាក់​ដាំ មានការ​ចូលរួម​ពី​លោក​មេឃុំ និង​មេភូមិ​ពូ​ត្រែង បាន​ចុះ​ឆែកឆេរ​ផ្ទះ ឈ្មោះ សាំង ឈី ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ ពេល​សួរចម្លើយ​ជនសង្ស័យ ខាងលើនេះ ឈានដល់​ការឃាត់ ខ្លួន​ជនសង្ស័យ​ចំនួន ៩ នាក់​បន្ថែមទៀត សរុប​កើន​ដល់ ១០ នាក់​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ក្រោយពី​បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​ដំបូង និង​តាម​ឃាត់ខ្លួន​បាន ៩​នាក់​ទៀត សំភារៈ​វត្ថុតាង ដកហូត​រួមមាន សារធាតុ​ញៀន ជា​ម្សៅ​ក្រាម ពណ៌​ស ថ្លា ចំនួន ២ កញ្ចប់​ធំ​ល្មម (​ទម្ងន់ ៤,២៥ ក្រាម សាច់​ថ្នាំ​សុទ្ធ​) រថយន្ត​ចំនួន ២​គ្រឿង (​ម៉ាក Toyota Camry ស៊េរី​ឆ្នាំ 1997 ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 2A-0272 និង​រថយន្ត​ម៉ាក NISSAN ពណ៌​ប្រ​ផះ ពាក់​ផ្លាកលេខ ភ្នំពេញ 2B-0331) ទូរស័ព្ទ ១​គ្រឿង​, ប្រាក់​ខ្មែរ​ចំនួន ៣ លាន​រៀល​, ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន​១​សន្លឹក​, កាបូប​ដាក់ ថ្នាំញៀន ចំនួន​១, ថង់​សំរាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន , ម៉ូតូ​កង់​បី ១​គ្រឿង ម៉ាក PIAGGIO APE CITY ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HP 3735 ។
​មកដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស តាម​នីតិវិធី​ច្បាប់​៕/V​