ដោយៈ​ សុផល​/​ភ្នំពេញ​: ​សម្រាប់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៥០​ម៉ឺន​នាក់ កើនឡើង ៣៩៤ % ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ តែ​នៅ​ថយចុះ -៨៤,៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ (​មុន​វិបត្តិ​) ដោយ​ភាគច្រើន​មកពី​ប្រភព​ទីផ្សារ ដូចជា វៀតណាម​, ថៃ​, ចិន​, សហរដ្ឋអាមេរិក​, ឥណ្ឌូណេស៊ី​, បារាំង​, កូរ៉េ​, ម៉ាឡេស៊ី​, អង់គ្លេស​, អូស្ត្រាលី​, សិង្ហ​បុរី​, និង​ឥណ្ឌា​។​

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ឱ្យដឹង​ដូច្នេះ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ទេសចរណ៍​ឆ្នាំ​២០២០-២០២១ និង​ឆមាស​ទី​១ ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២២-២០២៣ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២២​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា​៖​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ធ្វើដំណើរ​កម្សាន្ត​ក្នុងប្រទេស​រួមមាន​៖ ទេសចរ​ជាតិ​សរុប​ប្រមាណ ៦,៣៣ លាន​នាក់ កើនឡើង​ក្នុង​អត្រា​ប្រមាណ ២១៩% និង​ទេសចរ​បរទេស​ផ្ទៃក្នុង​ប្រមាណ ៦៨ ម៉ី​ន​នាក់ កើនឡើង​ក្នុង​អត្រា​ប្រមាណ ៣៨០ % ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។​

​លោក​បាន​គូសបញ្ជាក់ថា ឈរលើ​មូលដ្ឋាន​នៃ​ការ​កម្រើក​ឡើងវិញ​នៃ​ចរន្ត​ទេសចរណ៍​សកលលោក ក៏ដូចជា​ទេសចរណ៍​តំបន់ ជាមួយនឹង​កិច្ច​អន្តរាគមន៍​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល កម្ពុជា​រំពឹងថា​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ក្នុង​រង្វង់​ប្រមាណ ១​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២២ នេះ ហើយ​និង​ប្រមាណ ២​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខ ជា​ឆ្នាំ​ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៣២៕​