​ដោយៈ សុផល / ភ្នំពេញ​: ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​ទេសចរណ៍​កម្ពុជា បាន​លូតលាស់ គួរឱ្យកត់សម្គាល់ និង​បាន​បំពេញ​តួនាទី​ជា​សសរស្តម្ភ​មួយ​យ៉ាងសំខាន់ សម្រាប់​សេដ្ឋកិច្ច កម្ពុជា​។​

​វិស័យ​ទេសចរណ៍​កម្ពុជា មាន​អត្រាកំណើន​ទេសចរ​អន្តរជាតិ ជា​មធ្យម ១២% ក្នុង​មួយឆ្នាំៗ ក្នុងនោះ​ឆ្នាំ​២០១៩ ជា​ឆ្នាំ​កំពូល នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ទទួលបាន​ទេសចរ អន្តរជាតិ ជាង ៦,៦ លាន​នាក់ កើនឡើង ៦% បន្ថែមទៀត​។​

​នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ក្នុង​ពិធី​បើក​សន្និបាត​បូក សរុប​ការងារ​ទេសចរណ៍ ការ​បូកសរុប​ផែនការ​ស្តារ និង​លើកស្ទួយ វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដំណាក់កាល​ទី​១ (២០២០-២០២១) និង​ឆមាស​ទី​១ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ផែនការ ស្តារឡើងវិញ​នូវ វិស័យ​ទេសចរណ៍​​ក្នុងដំណាក់កាល​ទី​២ (​ឆមាស​ទី​២ ឆ្នាំ​២០២២-២០២៣) កាលពី​ថ្ងៃទី​១២ ខែកក្កដា ។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ ជា​អកុសល ចាប់តាំងពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ វិស័យ​ទេសចរណ៍ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​ឥទ្ធិពល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ​ការបាត់បង់​ការធ្វើដំណើ​រ ជា​អន្តរជាតិ និង​បាន​បណ្តាលឱ្យ​ក្រុមហ៊ុន​ជាច្រើន នៅក្នុង​វិស័យនេះ កាត់បន្ថយ ផ្អាក ឬ​បិទ​អាជីវកម្ម ទាំងស្រុង​តែម្តង ដែលជា​ហេតុនាំឱ្យ បុគ្គលិក​រាប់ម៉ឺន​នាក់ ត្រូវបាន​ព្យួរការងារ ឬ​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល ។

​ក្នុង​បរិការណ៍​នៃ​ការវិវត្ត​ដ៏​តានតឹង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ដំបូល​សន្តិភាព និង​ការដឹកនាំ ដ៏​ឈ្លាសវៃ​មោះមុត​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​ខិតខំ​យ៉ាង សស្រាក់សស្រាំ ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ សំដៅ​ការពារ​អាយុជីវិត របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា នូវ​ផលប៉ះពាល់ នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការដាក់ចេញ ជា​បន្តបន្ទាប់​នូវ​ច្បាប់​, បទ​ប្ប​ញ្ញ​តិ្ត​, វិធានការ​សុខាភិបាល​, វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងៗ​ទៀត​។ ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ វិធានការ​អន្តរាគមន៍ និង​វិធានការ​នានា ជា​បន្តបន្ទាប់​ទៀត សម្រាប់​ឆ្នាំ​២០២២ នេះ ពិសេស​វិធានការ ដើម្បី​ពង្រឹង​ភាព​ធន់​, គាំទ្រ ជំរុញ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ដើរតួ​ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ដំណាក់កាល នៃ​ការ​ងើបឡើង​វិញ​នេះ​។

​លោក​បាន​គូសបញ្ជាក់ថាៈ ក្នុងនាម​ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក៏បាន​ដាក់ចេញ វិធានការ​ជាច្រើន ក្នុង​ក្របខណ្ឌ​នៃ ការចូលរួម​ទប់ស្កាត់ ការ​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដូចជា​៖ ទី​១-​ការដាក់ចេញ​នូវ វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងដំណាក់កាល​ទប់ស្កាត់ ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ចំនួន ១២ សេវាកម្ម​, ទី​២-​ការដាក់ចេញ “​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​” (SOP) សម្រាប់​សេវាកម្ម​ទេសចរណ៍ និង​ទីតាំង​ដែលមាន​ឧបនិស្ស័យ ទាក់ទាញ​ទេសចរណ៍ និង​សម្រាប់​ដំណើរ​ទេសចរណ៍ បើកបរ​ដោយ​ខ្លួនឯង តាមផ្លូវ​គោក ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី ដែលជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ផង ហើយក៏​បម្រើ​ដល់​ការបើកទទួល​ទេសចរណ៍ វ៉ាក់សាំង​ពេញលេញ​ផងដែរ​, និង ទី​៣-​ការរៀបចំ​ប្រព័ន្ធ​សិក្សា​ជំនាញ​ទេសចរណ៍ តាម​អន​ឡាញ (E-Learning) រួមបញ្ចូល​ទាំង​ការសិក្សា​តាម​អន​ឡាញ សម្រាប់​ពង្រឹង ជំនាញ​ដែលមាន​ស្រាប់ និង​ការ​ផ្តល់នូវ​ជំនាញ​បន្ថែម ដល់​បុគ្គលិក​បម្រើ​ការងារ ក្នុង​វិស័យ​ទេសចរណ៍ និង​ការបណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល សម្រាប់​បុគ្គលិក​ឯកជន ម្ចាស់​អាជីវកម្ម សហគ្រិន ក្នុង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​ទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​កាលពីដើម​ឆ្នាំនេះ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ កម្ពុជា​បានរៀបចំ​ពិធី​ប្រកាស​បើក យុទ្ធនាការ “ កម្ពុជា​៖ ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង ” រួមជាមួយ​គោល ការណ៍​ណែនាំ “ អ្វី​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​សម្រាប់​ភ្ញៀវទេសចរ មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ”, ប្រព័ន្ធគ្រប់គ្រង​សមត្ថភាព​ផ្ទុក (Carrying Capacity) សម្រាប់​ហាង និង​ផ្សារ តាម​គន្លង​ប្រក្រតីភាព​ថ្មី​, និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ផ្សារ​ទំនើប​ខ្នាត​ធំ ផ្សារ​ទំនើប​ខ្នាតតូច ផ្សារ​មិន​រៀបរយ និង​ផ្សារ​សាធារណៈ ផងដែរ​៕/V​