ដោយៈ សុផល / ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថាៈ ក្នុងទិសដៅគាំទ្រ ជំរុញ និងស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ក្នុងក្របខណ្ឌនៃការកសាង គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ ក៏បានរៀបចំ ឯកសារគោលសំខាន់ៗ។
ឯកសារគោលទាំងនេះ រួមមានៈ ទី១).ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩, ទី២).ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥, ទី៣).ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥, និងទី៤). កំពុងរៀបចំបញ្ចប់ “ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកែប ឆ្នាំ២០២២-២០៣៥”។
លោករដ្ឋមន្ត្រី បានបន្តថាៈ ដោយផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវ និងដោយអនុវត្ត តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ឡើងវិញ, រាជរដ្ឋាភិបាល បានអនុម័តដាក់ចេញ នូវឯកសារដ៏មានសារៈសំខាន់ ២ ទៀត រួមមានៈ ទី១-វិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ និង ទី២-ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួល ទេសចរណ៍វ៉ាក់សាំង ដែលបានក្លាយជា ឯកសារយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញ នៃការទទួលទេសចរអន្តរជាតិ មកកម្ពុជា។
ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្រិតសកល កំពុងថមថយ, វិស័យទេសចរណ៍អន្តរជាតិ ចាប់ផ្តើមមានសន្ទុះងើបឡើងវិញ ដោយប្រទេសភាគច្រើន បានបន្ធូរបន្ថយនូវវិធានការរឹតត្បិត និងការដករបាំង ដែលជាល័ក្ខខ័ណ្ឌតម្រូវនានា លើការធ្វើដំណើរជាអន្តរជាតិ។
នៅឆ្នាំ២០២២ នេះ វិស័យទេសចរណ៍សកល លោករំពឹងថា នឹងមានភាពល្អប្រសើរជាង កាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្តើមកម្រើកឡើងវិញ នៃចរន្តនៃការធ្វើ ដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការកើនឡើង នៃតម្រូវការក្នុងការធ្វើដំណើរ ដើម្បីជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងការកម្សាន្ត ក្រោយពីខកខាន អស់មួយរយៈ ដោយសារការដាក់ចេញ នូវវិធានការរឹតត្បិតនានា និងការបិទខ្ទប់ នៅអំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩៕/V