​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ទីក្រុង​ចិន​រាប់សិប​កំពុង​រង​កំដៅ​ចង់​ឆេះ​នៅពេល​រលក​កំដៅ​បានធ្វើអោយ​ដំបូល​អាគារ​ខ្លះ​រលាយ​និង​ផ្លូវថ្នល់​ឡើង​ប៉ោង នៅ​ពេល​អាកាសធាតុ​ក្តៅ​កំពុង​រុញ​មនុស្ស​​អោយ​ទៅ​រក​កន្លែង​ត្រជាក់​នៅតាម​ជម្រក​ក្រោម​ដី​។​

​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​កក្កដា ទីក្រុង​ចំនួន​៦៨ រួម​មាន​ក្រុង​សៀង​ហៃ​និង​ណាន​ជី​ញ​ក្បែរ​នោះ បាន​ចេញ​ការព្រមាន​កំរិត​ក្រហម ជា​កំរិត​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ប្រព័ន្ធ​ព្រមាន​បី​កាំ​នៅពេល​​ការព្យាករណ៍​និយាយថា​សីតុណ្ហភាព​អាច​នឹង​ឡើងដល់​៤០​អង្សា​សេ​នៅ​២៤​ម៉ោង​បន្ទាប់​។​

​ក្រុង​សៀង​ហៃ ដែល​នៅ​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ បាន​ព្រមាន​អ្នកក្រុង​២៥​លាន​នាក់​របស់​ខ្លួន​អោយ​ត្រៀម​សំរាប់​អាកាសធាតុ​ក្តៅ​នៅ​សប្តាហ៍​នេះ​។​

​រូប​ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ទូទៅ​មួយ​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ អ្នក​ធ្វើតេស្តិ៍​កូវី​ដ​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ពេទ្យ ឳ​ប​ដុំ​ទឹកកក​ប្រវែង​មួយ​ម៉ែត្រ​នៅ​ក្បែរផ្លូវ​។​នៅ​សួនសត្វ​ដ៏​ធំ​ក្នុង​ទីក្រុង​សៀង​ហៃ​​បុគ្គលិក​សួន​ត្រូវ​រក​ទឹកកក​មួយថ្ងៃ​៨​តោន​ដើម្បី​ធ្វើអោយ​សត្វ​របស់​គេ​នៅ​ត្រជាក់​។​

​ហ្ស៊ូ ដា​រ៉េ​ន​(Zhu Daren)​អ្នកក្រុង​សៀង​ហៃ​ម្នាក់ បាន​និយាយថា​«​ឆ្នាំនេះ កំដៅ​បាន​ចូលមក​ដល់​លឿន​ជាង​មុន​បន្តិច​។​ទោះជា​នៅ​ក្នុង​ខែកក្កដា តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ក្តៅ​ខ្លាំង​។​អ្នក​ត្រូវ​តែ​បើក​ម៉ាស៊ីន​​ត្រជាក់​ពេល​ចូល​ផ្ទះ​និង​បាំងឆត្រ​ពេល​ចេញ​ក្រៅ​»​។​

​សូមបញ្ជាក់​ថា ចិន​កំពុង​ជួប​រដូវក្តៅ​និង​វស្សា​ផង​នៅ​ឆ្នាំ​នេះ ដោយ​កំដៅ​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កំពុង​ដូរ​វេន​គ្នា​បង្ក​ការអុកឡុក​នៅ​ទូទាំង​ប្រទេស​។​ដោយ​យោង​ដល់​ការប្រែប្រួល​អាកាសធាតុ អាជ្ញាធរ​បាន​​ព្រមាន​អំពី​គ្រោះ​អាកាសធាតុ​ដែល​អាច​កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែ​កក្កដា ដែល​ជា​ទម្លាប់​ជា​ពេល​ក្តៅ​និង​សើ​ម​បំផុត​ប្រចាំឆ្នាំ​។​

​ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​ថា នៅ​ទីប្រជុំជន​មួយ​ក្នុង​ខេត្ត​ជាំ​ង​ស៊ី​(Jiangxi) ផ្លូវថ្នល់​មួយ​កំណាត់​ឡើង​កោង​ដោយសារ​កំដៅ​។​

​ក្រុង​ណាន​ជី​ញ បាន​បើក​ជម្រក​ក្រោម​ដី​ដើម្បី​ការពារ​ទល់នឹង​កំដៅ​សំរាប់​អ្នកក្រុង​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក ដោយ​លេនដ្ឋាន​សម័យ​សង្គ្រាម​ត្រូវបាន​បំពាក់​WiFi សៀវភៅ ធុង​ទឹក​និង​ថែម​ទាំង​​ចង្ក្រាន​ម៉ា​យ​ក្រូ​វ៉េវ ថែម​ទៀត​។​ទីក្រុង​នេះ​បាន​ចេញ​ការព្រមាន​កំរិត​ក្រហម​កាលពី​ថ្ងៃ​អង្គារ​។​

​នៅក្នុង​ទីក្រុង​ចុង​គី​ញ​(Chongqing) ដំបូល​សារមន្ទីរ​ក្នុង​ក្រុង​បាន​រលាយ ដោយ​ដំបូល​ក្បឿង​បែប​ប្រពៃណី​ចិន​បែក​នៅពេល​កំដៅ​ធ្វើអោយ​រលាយ​ជ័រកាវ​ពីក្រោម​។​ទីក្រុង​នេះ​បាន​ព្រមាន​កំរិត​ក្រហម​​តាំងពី​ថ្ងៃ​ចន្ទ​មក​៕

​សៀង​ហៃ និង​ក្រុង​ណាន​ជី​ញ​ក្បែរ​ខាង បាន​ចេញ​ការព្រមាន​កំរិត​ក្រហម​នៅ​ពេល​ការព្យាករណ៍​និយាយថា ទីក្រុង​នេះ​អាច​នឹង​ជួប​សីតុណ្ហភាព​៤០​អង្សា​សេ​នៅ​២៤​ម៉ោង​ខាងមុខ​