​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ការ​ប្រជែង​គ្នា​និង​ការបែងចែក​គ្នា​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​ជុំវិញ​ភាព​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​បាន​គំរាម​គ្របដណ្តប់​លើ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​​នៃ​មេដឹកនាំ​ប្រទេស​កោះ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កក្កដា​នៅក្នុង​រដ្ឋធានី​ស៊ូ​វ៉ា (Suva) ប្រទេស​ហ្វី​ជី​។​

​វេទិកា​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ឆ្នាំ​នេះ​គឺជា​កិច្ចប្រជុំ​ដ៏​សំខាន់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បន្ទាប់​ពី​ផ្អាក​ដោយសារកូ​វីដ​១៩​និង​ដោយសារ​តែ​បណ្តា​កោះ​ត្រូពិច​ទាបៗ​អស់​ពេល​សម្រាប់​សកម្មភាព​​អាកាសធាតុ​។​

​ប៉ុន្តែ​ជំនួស​ឱ្យ​ការផ្តោត​សំខាន់​តែ​លើ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​និង​ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន​ការប្រឹងប្រែង​របស់​ចិន​ដើម្បី​ដើរ​តួនាទី​សន្តិសុខ​ក្នុង​​តំបន់​កាន់តែ​ធំ​មើលទៅ​ហាក់ដូចជា​គ្របដណ្តប់​លើ​របៀបវារៈ​ប្រជុំ​។​

​ប្រជុំ​កោះ​សូ​ឡូ​ម៉ុន​កាលពី​ខែ​មេសា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ដ៏​ចម្រូងចម្រាស​ជាមួយ​ចិន ដោយ​បង្ក​ការ​ថ្នាក់ថ្នាំង​ចិត្ត​ចំពោះ​សម្ពន្ធភាព​អាយុកាល​រាប់​ទសវត្សរ៍​ជាមួយ​លោកខាងលិច​។​

​ហើយ​នៅ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​នេះ មេដឹកនាំ​ដែល​មាន​សម្ពន្ធភាព​ជាមួយ​ទីក្រុង​ប៉េកាំង​ក្នុងប្រទេស​តូច គី​រី​បាទី បានប្រកាសថា ប្រទេស​នេះ​នឹង​បោះបង់​ចោល​សមាជិកភាព​នៃ​វេទិកា​នេះ​ទាំងស្រុង ដោយ​ធ្វើឱ្យ​ខូចខាត​ដល់​តំបន់ ដែល​ដាក់​តម្លៃ​ខ្ពស់​លើ​ការរួបរួម​គ្នា​និង​ការឯកភាព​គ្នា​។​

​មេដឹកនាំ​សេសសល់​ដទៃទៀត ដែល​ជួបជុំគ្នា​នៅ​សណ្ឋាគារ​ប្រណីត Grand Pacific Hotel នៃ​ទីក្រុង​ស៊ូ​វ៉ា រំពឹង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ត្រួសត្រាយ​តំបន់​ប៉ាស៊ីហ្វិក​ដើរ​ទៅ​មុខ​រហូតដល់​ឆ្នាំ ២០៥០ ដោយ​ផ្តោត​សំខាន់​លើ​ការ​គំរាម​ពី​ខាងក្រៅ ដែល​បង្ក​ដោយ​បម្រែបម្រួល​អាកាសធាតុ​។​

​ប៉ុន្តែ​ប្រធានាធិបតីហ្វីជី​និង​ជា​ប្រធាន​វេទិកាកោះ​ប៉ាស៊ីហ្វិក លោក វ៉ូ​រេ​កេ បាយ​នី​ម៉ា​រ៉ា​ម៉ា (Voreqe Bainimarama) បាន​ប្រើ​សុន្ទរកថា​បើក​របស់គាត់​ដើម្បី​ទទួល​ស្គាល់​”​ការបែកបាក់​ក្នុង​ទំ​នាក់​​ទំនង​របស់​ពួកយើង​” ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​មី​ក្រូណេ​ស៊ី ដែល​គី​រី​បាទី​ជា​ផ្នែក​មួយ​នៅ​ទីនោះ ដែល​បាន​កើតឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​គេ​សង្ឃឹមថា​កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​យ៉ាង​ប្រុងប្រយ័ត្ន​ជាមួយ​បណ្តា​ប្រទេស​នៅ​មី​ក្រូណេ​ស៊ី​នឹង​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​ការបែកបាក់​នេះ ដែល​បាន​កើតឡើង​នៅពេល​ដែល​បេក្ខជន​សម្រិតសម្រាំង​​ក្នុង​តំបន់​ដើម្បី​ដឹកនាំ​វេទិកា​នេះ មិនបាន​ចូលរួម​ប្រជុំ​។​

​ការចាកចេញ​របស់​គី​រី​បាទី​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​អំពី​ការបែកបាក់​ការរួបរួម​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​តំបន់​ប៉ាស៊ីហ្វិក​ដែល​ផ្តល់​ឱ្យ​តំបន់​រដ្ឋ​កោះ​តូចៗ​នេះ​នូវ​អំណាច​ក្នុង​ការចរចា​អំពី​អាកាស​​ធាតុ​ពិភពលោក​។​

​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​កោះ​ទូ​វ៉ា​លូ​លោក សាយ​ម៉ុន កូហ្វេ (Simon Kofe) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​លោក​មាន​ការភ្ញាក់ផ្អើល​និង​សោកស្ដាយ​ចំពោះ​ការចាកចេញ​​របស់​គី​រី​បាទី ប៉ុន្តែ​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​នេះ​នឹង​អាច​ត្រូវ​បាន​ទាញ​ឱ្យ​ចូលរួម​វិញ​ម្តងទៀត​៕

បណ្តា​មេដឹកនាំ​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ជួបប្រជុំ​នៅក្នុង​រដ្ឋធានី​ស៊ូ​វ៉ា (Suva) ប្រទេស​ហ្វី​ជីនៅ​ថ្ងៃ​អង្គារ​នេះ​