ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ​តំបន់ ព្រំប្រទល់ តំបន់ ២ ជាប់​នឹង​តំបន់ ៣ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បោះ​ព្រំដី កត់សម្គាល់​តំបន់ ដែល​ហាមឃាត់​អាស្រ័យ​ផល ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​លោក អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹងថាៈ នៅក្នុង​ស្រុក​កំពង់ស្វាយ មាន​ចំនួន ៦​ទីតាំង ដែលមាន​ផ្ទៃដី ប្រមាណ​ជាង ៤ ពាន់​ហិកតា ទី​១ ដែលមាន​តំបន់​មាត់​ស្ទឹង ទី​២ តំបន់​អាង ២.០០០ ទី​៣ តំបន់​បឹង​មូល ទី​៤ តំបន់​ទួល​តា​ប៉ុក ទី​៥ តំបន់​អាង ៨០០ និង​ទី ៦ តំបន់​អាង វាល​ស្រ​ង៉ែ ទាំងនេះ គឺជា​ទីតាំង​ដែល​ត្រូវ​ឆ្វៀល ហើយ​ការ​ឆ្វៀល​នេះ គឺ​កំណត់ដោយ​អនុក្រឹត្យ ដូចជា​ប្រកាស​ជូនដំណឹង ស ជ ណ មាន​លេខ​យាម​ការត្រឹមត្រូវ បាន​ស្គាល់​ព្រំ​ទល់​តំបន់ ហាមឃាត់​ជាដាច់ខាត និង​តំបន់​អនុញ្ញាតឱ្យ​អាស្រ័យ​ផល ។

​លោក​អភិបាល​ខេត្តកំពង់ធំ បាន​បន្តទៀតថាៈ ដី​តំបន់ ៣ គឺជា​របស់​រដ្ឋ ដី​តំបន់ ២ ក៏​ជា​ដី​របស់ រដ្ឋ តែ​តំបន់ ៣ គឺ​រដ្ឋ​មិន​ឲ្យ​ប្រជាពលរដ្ឋ ប៉ះពាល់​ជាដាច់ខាត ចំណែក​តំបន់ ២ ក៏​ជា​តំបន់​របស់ រដ្ឋ​ដែរ ប៉ុន្តែ​រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​អាស្រ័យ​ផល​។ ដើម្បី​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ឱ្យបាន​ច្បាស់លាស់ ត្រឹមត្រូវ និង​សុក្រឹត​។​

​លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថាៈ សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​សហការ ជាមួយនឹង​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ មក​ពិនិត្យ​ព្រំដី ត្រង់ចំណុច​ព្រំប្រទល់​តំបន់ ៣ ដែល​ជាប់​នឹង​តំបន់ ២ កន្លែង​ណា​ហាមឃាត់ កន្លែង​ណា​ដែល​ត្រូវ​អាស្រ័យ​ផល ឱ្យបាន​ច្បាស់ លាស់ ជៀសវាង​ការឈ្លោះប្រកែក​គ្នា​ជាដើម​។ ប្រសិនជា​មានការ​ឈ្លោះប្រកែក​គ្នា​នោះ គឺ​អាជ្ញាធរ​យើង មិន​អនុញ្ញាតឱ្យ​អាស្រ័យ​ផល បន្ត​ទៀតឡើយ ។​

​ទន្ទឹម​នោះដែរ សង្កេតឃើញថា លោក​អភិបាល​ខេត្តកំពង់ធំ លោក​អភិបាលស្រុក​កំពង់ស្វាយ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ ដែលមាន​ដី​អាស្រ័យ​ផល​ទីតាំង ខាងលើ​នោះ បាននាំគ្នា ដើរទៅ​បោះ​ព្រំ បោះទីតាំង និង​កំណត់​ទីតាំង កន្លែង​ណា​អនុញ្ញាតឱ្យ​អាស្រ័យ​ផល កន្លែង​ណា​ហាមឃាត់ ជាដាច់ខាត មិន​ឲ្យ​មានការ​អាស្រ័យ​ផល ។​

​លោក ងួន រតនៈ បានបញ្ជាក់​ទៀតថាៈ សូម​បងប្អូន​ប្រជាពលរដ្ឋ ស្ដាប់​ការណែនាំ​របស់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ស្ដាប់​ការណែនាំ​របស់​សារាចរ ស​.​ជ​.​ណ អនុក្រឹត្យ​នានា ដែល​បានប្រកាស ហើយ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ រួមគ្នា​ទប់ស្កាត់​ការកាប់​ទន្ទ្រាន ព្រៃ​លិច​ទឹក នៅ​តំបន់ ៣ បន្តទៀត ដើម្បី​រក្សា​ព្រៃ​លិច​ទឹក ឲ្យ​បាន​គង់វង្ស ជា​និរន្ត​ន៍ ដើម្បីឱ្យ​មច្ឆជាតិ​ចម្រុះ សត្វ​នានា បន្ត​ពូជ​ឲ្យ​បាន​កាន់តែច្រើនៗ​ឡើង ក្នុង​បរិវេណ​បឹង​ទន្លេសាប ៕/V​