ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញ បើកវគ្គបណ្តុះបណ្តាល ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ មូលនិធិគាំទ្រ ការផ្តល់សេវាថ្នាក់ឃុំ សង្កាត់ ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា (CNP) មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលា ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ជៀប សំអាន ទីប្រឹក្សារគ្រប់គ្រងគម្រោង អាហារូបត្ថម្ភកម្ពុជា និងគណនេយ្យករ និងបេឡាករ ក្រុង ស្រុក និង ឃុំសង្កាត់ ដែលជាសិក្ខាកាម មកពីខេត្ដព្រះវិហារ ផងដែរ ។
ក្នុងឱកាសបើកវគ្គនោះ លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថាៈ រាជរដ្ធាភិបាល បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់អាហារូបត្តម្ភ សុខមាលភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ភាពប្រកួតប្រជែង របស់កម្ពុជា នាពេលអនាគត ។
លោកស្រី បានមានប្រសាសន៍បន្តថាៈ វគ្គបណ្តុះបណ្តាល ក្នុងគោលបំណង នៃគម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវការប្រើប្រាស់គុណភាព នៃសេវាអាហារូបបត្តម្ភ ជាអទិភាព សម្រាប់សុខភាពមាតា និងកុមារ ប្រកបដោយប្រសិទ្ធភាព សំដៅធានានិរន្តភាព និងស័ក្កសិទ្ធិភាព នៃការផ្តល់ហិរញ្ញប្បទាន សម្រាប់សេវាសុខភាពបន្តពួជ អាហារូបត្ថម្ភ សម្រាប់មាតា និងកុមារ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រិនរបស់់កុមារ ។
លោកស្រី ក៍បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ស្តាប់ នូវការពន្យល់ ពីគ្រូឧទ្ទេសបទបង្ហាញ ឆ្ងល់ត្រូវហ៊ានសួរ និងចូលរួមអនុវត្តលំហាត់ជាក់ស្តែង ព្រមទាំងបញ្ចេញមតិយោបល់ ឱ្យបានផុលផុស នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានជោគជ័យ នៅពេលបញ្ចប់វគ្គ៕/V