ដោយៈ យោធិន​/​ភ្នំពេញៈ ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​បានប្រកាស​ពី​តម្រូវការ​ថវិកា​ក្នុង​រង្វង់​ប្រមាណ​ជិត​៨០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​សម្រាប់​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានលើកឡើង​ពី​តម្រូវការ​ថវិកា​សរុប​ចំនួន ៧៦៤.៣០២​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​បោសសម្អាត​មីន លើ​ផ្ទៃដី​ចំនួន ៣.៩៨៤.២១៩ ម៉ែត្រក្រឡា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ខាងលើនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះកិច្ចសន្យា​រវាង​អាជ្ញាធរ​មីន តំណាង​ដោយ​លោក​ស៊ុយ ជី​ហ៊ាង អគ្គលេខាធិការ​ស្តីទី អាជ្ញាធរ​មីន​ជាមួយ​ភាគី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព តំណាង​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នា​រសៀល​ថ្ងៃទី​១១ ខែ​កក្ត​ដា ឆ្នាំ​២០២២ នៅ​ទីស្តីការ​អាជ្ញាធរ​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ថាៈ ដើម្បី​បញ្ចប់​វត្តមាន​គ្រាប់មីន​នៅ​ខេត្ត​ត្បូងឃ្មុំ​កម្ពុជា​ត្រូវការ​ប្រើប្រាស់​ថវិកា​ខាងលើនេះ​ដោយ​ក្នុងនោះ​ត្រូវ​ចំណាយ​លើ ការចុះ​ផ្ទៀងផ្ទាត់​ផ្ទៃដី​ជាមុន ត្រួតពិនិត្យ​គុណភាព ក្នុងកំឡុងពេល​ប្រតិបត្តិការ​បោសសម្អាត និង​ការងារ​បោសសម្អាត​មីន​ទាំងស្រុង​។ ចំពោះ​ប្រតិបត្តិ​ករ ត្រូវ​ធ្វើការ​បោសសម្អាត​មីន នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ត្បូងឃ្មុំ គឺ​កម្លាំង​ជំនាញ របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ត្រូវ​ចុះ​អនុវត្ត​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បានឱ្យដឹងថា ការចាប់ផ្តើម​អនុវត្តន៍​ការងារ​បោសសម្អាត​មីន​ដំណាក់កាល​ដំបូង នៃ​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដើម្បី​ប្រកាស​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​អស់​មីន ក្នុង​រយៈពេល ០៦​ខែ​។ បន្ទាប់ពី​ចុះកិច្ចសន្យា​នេះ កម្លាំង មជ្ឈមណ្ឌល​ជាតិ នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​បោសសម្អាត​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​៕​