​ដោយៈ បូកគោ / កែប​: ចំណេះដឹង​អំពី​បញ្ហា​សំរាម​របស់​ប្រជាពលរដ្ឋ​ខេត្ត​កែប ហាក់​នៅមានកម្រិត ទើប​ធ្វើ​ឲ្យ​រូបភាព​នៃ​ការ​បន្សល់ទុក នូវ​កាកសំណល់​ពាសវាល​ពាស​កាល កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង​។ ភាពអវិជ្ជមាន​ទាំងនោះ បាននិងកំពុង​បង្កក្តី​ព្រួយបារម្ភ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ដែល​ទាមទារ​ឲ្យ​មានការ​បញ្ជ្រាប ការយល់ដឹង​បន្ថែម​ពី​មន្ត្រី​ជំនាញ ដើម្បី​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ ចេះ​ស្រឡាញ់​បរិស្ថាន បំណង​លើកស្ទួយ​កិត្តិយស ខេត្ត​ទេសចរណ៍ ភាគ​និរតី​តូច​ច្រឡឹង​នេះ​។​

​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប បាន​មានប្រសាសន៍ថាៈ សព្វថ្ងៃ ការប្រមូល​សំរាម ក្នុង​ខេត្ត​កែប នៅមាន​ភាពលំបាក ដោយសារ​កត្តា​មួយចំនួន​។ ទី​១ ចំណេះដឹង​របស់ ប្រជាពលរដ្ឋ​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំរាម​នៅមានកម្រិត​។ អ្នកខ្លះ​នៅតែ​បោះ សំរាម​ចោល​រាយប៉ាយ តាម​តំបន់​មួយចំនួន ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​បរិស្ថាន​ឡើយ​។ ទី​២ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ ក្នុងការ​ប្រមូល​សំរាម​ខេត្ត​កែប នៅ​មិនទាន់​អនុវត្តបាន តាម​ផែនការ​កំណត់​។

លោកវ៉ៅ សុខា អភិបាលរងខេត្តកែប

​លោក​អភិបាលរង​ខេត្ត បាន​បន្តថាៈ វិធានការ​បន្ត​របស់​រដ្ឋបាលខេត្ត នឹង​ព្យាយាម​ជំរុញ អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ខិតខំ​ពន្យល់ ផ្សព្វផ្សាយ ក៏ដូចជា​ណែនាំ​បន្ថែម ដល់​ប្រជាពលរដ្ឋ ក្នុងការ​ប្រមូល​សំរាម​ទុកដាក់ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ក្រុមហ៊ុន​ងាយស្រួល​ដឹកជញ្ជូន យកទៅដាក់ នៅ​ទីលាន​ស្យ​ង់​ដារ​របស់​ខេត្ត​។​

​លោក ហម និមល អនុប្រធាន​ទីប្រឹក្សាបច្ចេកទេស ធនាគា​អភិវឌ្ឍន៍អាស៊ី សម្រាប់​គម្រោង សាងសង់ ទីលាន​កប់​សំរាម​ខេត្ត​កែប បាន​រៀបរាប់ថាៈ តាម​ផែន​ការដែល​លោក​ទទួលបាន នាពេល​កន្លងមក គឺ​សំរាម​ដែល​អាច​ប្រមូលបាន ក្នុង​មួយថ្ងៃ មាន​ទម្ងន់ ៥៧ តោន​។ ប៉ុន្តែ ផ្អែក​តាម​ការកត់ត្រា​ជាក់ស្តែង គឺ​ចាប់ពី​ទីលាន​បើក​ឲ្យ​ដំណើរ​ការទទួល​សំរាម ដែល​ដឹក​មក កាន់​ទីនេះ មានតែ ២០ តោន​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ពោលគឺ​មិនបាន ៥០ ភាគរយ នៃ​ផែនការ​ផង​។​

​សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ឥណទាន​ចំនួន ១០,៧ លាន​ដុល្លារ លើ​ការសាងសង់​ទីលាន កប់​សំរាម​ស្តង់ដារ នៅ​ខេត្ត​កែប​។ ទីលាន​នេះ មាន​សមត្ថភាព អាច​ផ្ទុក​សំរាម​បាន ប្រមាណ​ពី ៦៨០ ពាន់​ម៉ែត្រត្រីគុណ ទៅ ៧០០ ពាន់​ម៉ែត្រត្រីគុណ សម្រាប់​រយៈពេល ២០ ឆ្នាំ​៕/V​