ដោយៈ ទេព មង្គល / ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​ផ្អាក​ចរាចរណ៍ ជា​បណ្ដោះអាសន្ន ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​សំរោង ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ចាប់ពី​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ ដោយសារ​ជំនន់​ទឹកភ្លៀង ជន់​ខ្លាំង រហូត​លិច​ផ្លូវជាតិ ។​

​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បានបញ្ជាក់​ថាៈ ” សូម​ធ្វើ​ការផ្អាក ចរាចរណ៍ បណ្តោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១១៥-១១៦ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ចាប់ពី​ម៉ោង ១៧​ៈ​០០​នាទី ល្ងាច ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង ជាថ្មី ” ។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ ៤ ពិសេស​ត្រង់ចំណុច​ខាងលើ សូម​រក​ផ្លូវ​វាង​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់ ដែល​អាច​កើតឡើង ដោយ​ប្រការ​ណាមួយ​។​

​ជាមួយគ្នានេះ កម្លាំង​សមត្ថកិច្ច ក៏បាន​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ ដោយសារ​ស្ថានភាព​គ្រោះទឹកជំនន់ បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ការរស់នៅ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ក្រាំង​អាត់ (​ចំណុច​ក្រាំង​អាត់​ចាស់​) ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា នេះ​ផងដែរ​។​

​ជាមួយ​បញ្ហា​ប្រឈម ដែល​កំពុង​កើតឡើង​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​ផងដែរ ដើម្បី​ងាយស្រួល ក្នុងការ​អន្ដរាគមន៍​ជួយសង្គ្រោះ នៅពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​៕/V​