ដោយ​: ដេប៉ូ​/​កំពង់ឆ្នាំង​: ថ្ងៃបុណ្យ​រ៉​យ៉ា​ហា​ជី (Eid al-Adha) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ ដែល​បានទទួល​ការគោរព និង​ប្រកាន់ខ្ជាប់​នៃ​ទំនៀមទម្លាប់​មួយ​នេះ របស់​បងប្អូន​ខ្មែរឥស្លាម រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​។​

​នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង អំឡុង​នៃ​ថ្ងៃបុណ្យ​រ៉​យ៉ា​ហា​ជី​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​បងប្អូន​ខ្មែរឥស្លាម​បាន​ប្រារព្ធ​ពី​ធី​បុណ្យ​រ៉​យ៉ា​ហា​ជី​យ៉ាង​អធិកអធម​។​ដោយ​ក្នុងនេះ​ក៏មាន​ការចែកជូន​សាច់គោ ពី​សម្បុរ​សជន ដែល​ត្រូវបាន​សំឡេះ (Kurban) គោ​ចំនួន​៣០​ក្បាល ចែកជូន​៦​ភូមិ​ក្នុង​ឃុំ​ស្វាយ​ជុក ខេត្តកំពង់ឆ្នាំង​។​

​ទាក់ទិន​ក្នុង​រឿងនេះ​នាយក​ប្រតិបត្តិ​មូលនិធិ Al Ustaz នៃ​ប្រទេស​សឹង្ហ​បុរី ដែល​ដឹកនាំ​ដោយ​លោក Ustaz Zahid Zin បាន​អញ្ជើញ​មក​ទស្សនកិច្ច និង​ចែក​សាច់គោ​គួរ​បាន ជូន​ដល់​បងប្អូន​ខ្មែរឥស្លាម​ក្រីក្រ​នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង អំឡុង​នៃ​ថ្ងៃបុណ្យ​រ៉​យ៉ា​ហា​ជី​ដោយមាន​ការជួយ​សម្រប​សម្រួល​សំណាក់​អង្គការ​សុខិតកាល​។

​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន លោក Ustaz Zahid Zin បានឱ្យដឹងថា​លោក​ពិត​ជាមាន​ភាពសប្បាយ​រីករាយ នៅពេលដែល​លោក​បាន​មកដល់​ប្រទេស​កម្ពុជា​។​សម្រាប់​ការផ្ដល់​គោ​នោះបាន​ចំនួន ៣០​ក្បាល​នៅ​ខេត្តកំពង់ឆ្នាំង និង​ពពែ ១៥១​ក្បាល ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​បានជា​ចែករំលែក​នូវ​ក្តី​ស្រលាញ់​និង​ចូលរួម​ជួយ​ពី​សំណាក់​ប្រជាជន​សិង្ហ​បុរី​ដល់​បងប្អូន​ខ្មែរឥស្លាម​ក្រីក្រ​នៅ​កម្ពុជា​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​ការចែករំលែក​បែបនេះ​មូលនិធិ Al Ustaz ក៏បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​១១​ផ្សេងទៀត​ផងដែរ​។​

​នាយក​ប្រតិបត្តិ​មូលនិធិ Al Ustaz រូបនេះ​បានឱ្យដឹង​ដែរ​ថា​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​អំឡុងពេល​នៃ​ថ្ងៃ​រ៉​យា​ហា​ជី ឬ​រ៉​យា Eidil Adha បងប្អូន ដែល​កាន់សាសនា​ឥស្លាម​ជាច្រើន​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ជាពិសេស​បងប្អូន​កាន់សាសនា​ឥស្លាម​នៅក្នុង​តំបន់​អាស៊ាន ពិសេស​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី គឺ​ពួកគាត់​តែងតែ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ភាពសប្បាយ​រីករាយ​នៅក្នុង​អំឡុង​ពិធីបុណ្យ ជាមួយ​បងប្អូន​ខ្មែរឥស្លាម​នៅ​កម្ពុជា ព្រមទាំង​ផ្ដល់ជូន​គោ​បាន​រាប់រយ​ក្បាល​ក្នុង​មួយឆ្នាំៗ​៕