ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី រួម​នឹង​លោក លោកស្រី អភិបាលរង សមាជិក​ក្រុម ប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ តាម​បណ្តា​ស្ថាប័ន នៅក្នុង​ខេត្ត បាន​អញ្ជើញ​ទទួល​ស្វាគមន៍ ចំពោះ​លោក Edeen Husaini Modh Hashim ឯកអគ្គរាជទូត​នៃ​ប្រទេស ម៉ាឡេស៊ី ប្រចាំ​កម្ពុជា និង​លោកស្រី Masdaina mohamad និង​ប្រតិភូ​ស្ថានទូត ដែល​បាន​បំពេញ​ទស្សនកិច្ច រយៈពេល ១​ថ្ងៃ មកកាន់​ខេត្តកំពង់ឆ្នាំង ដើម្បី​ឈ្វេងយល់ អំពី​សក្តានុពល លើ​វិស័យ​មួយចំនួន សំដៅ​ធ្វើការ​វិនិយោគ នៅក្នុង​ខេត្តកំពង់ឆ្នាំង ។​

​មានប្រសាសន៍​ស្វាគមន៍ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​រាយការណ៍ អំពី​ស្ថានភាព​ភូមិសាស្ត្រ សេដ្ឋកិច្ច កសិកម្ម ការវិនិយោគ និង​សក្តានុពល​ទេសចរណ៍ ដែលមាន​ការរីកចំរើន ព្រមទាំង ការអភិវឌ្ឍ​របស់​ខេត្តកំពង់ឆ្នាំង នាពេលខាងមុខ​បន្តទៀត​។​

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង បានស្នើ​សុំ​ដល់​លោក​ឯកអគ្គរាជទូត​ម៉ា​ឡេ​សុ​ី សិក្សា​ស្វែង យល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ ដើម្បី​ជួយ​ឡ​ប៊ី​ក្រុមហ៊ុន​ម៉ាឡេស៊ី មក​វិនិយោគទុន ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យ​ខេត្តកំពង់ឆ្នាំង​មានការ​រីកចំរើន ជា​បន្តបន្ទាប់​ទៀត​។​

​នៅក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នោះ លោក Edeen Husaini Modh Hashim បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត របស់​ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង ចំពោះ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី ។​

​ជាមួយគ្នានេះដែរ លោក​ឯកអគ្គរាជទូត បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង ដែល​បាន​យកចិត្តទុកដាក់ រៀបចំ​ការកសាង និង​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង ឱ្យមាន​ការរីកចំរើន លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សំណង់​ថ្មីៗ ជាច្រើន និង​ពិសេស ធ្វើឱ្យ​ប្រជាពលរដ្ឋ មាន​កម្រិតជីវភាពរ​ស់​នៅ​សមរម្យ​។​

​លោក​ឯកអគ្គរាជទូត បានលើកឡើង​ទៀតថាៈ នៅពេល​ខាងមុខ លោក នឹង​នាំ​ក្រុមហ៊ុន វិនិយោគ របស់​ប្រទេស​ម៉ាឡេស៊ី មក​ធ្វើការ​វិនិយោគ ក្នុង​ខេត្តកំពង់ឆ្នាំង ។​

​បន្ទាប់ពី​ការជូន​វត្ថុ​អនុស្សាវរីយ៍ ថ្នាក់ដឹកនាំ​ខេត្ត បាន​អមដំណើរ ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា អញ្ជើញ​ចុះទៅ​ទស្សនា នួវ​ទិដ្ឋភាព​តាម​ដង​ទន្លេសាប ទស្សនា​សិប្បកម្ម​ស្មូនឆ្នាំង នៅ​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី និង​ទស្សនា​មណ្ឌល​អភិវឌ្ឍន៍​ស្ត្រី នៅ​ភូមិ​អូរសណ្តាន់ ក្នុង​ឃុំ​ទឹក​ហូត ផងដែរ​៕/V​