​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លោក​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អភិបាលស្រុក ក្រុង រួមទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ បាន​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន មក​ប្រគេន​ដល់​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន ១១ វត្ត ក្នុង​ខេត្តកំពង់ធំ​។​

​លោក ងួន រតនៈ បាន​ថ្លែងថា បុណ្យ​ចូល​ព្រះវស្សា គឺជា​បុណ្យ​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស​កម្ពុជា ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ការបំភ្លឺ​នូវ​បញ្ញា​ដល់​ព្រះសង្ឃ ពិសេស​គឺ​ការរៀនសូត្រ​របស់​ព្រះសង្ឃ នៅក្នុង​វត្ត អស់​រយៈពេល ៣​ខែ ពុំ​និមន្ត​ទៅណា បានឡើយ​។
​នៅពេល​ខាងមុខនេះ ព្រះសង្ឃ​នៅ​គ្រប់​ទីវ​ត្ត​អារាម ទូទាំងប្រទេស គោរព​ប្រពៃណី​សាសនា ព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ហើយ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅក្នុង​ទីវ​ត្ត​ពេលនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​ស្ថាប័ន មន្ត្រី បាន​នាំយក​ទៀន​ព្រះវស្សា មក​វេរ​ប្រគេន​ដល់ ព្រះសង្ឃ ដើម្បី​ព្រះសង្ឃ យកទៅ​ដុត បំភ្លឺ​បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ គម្ពី​ធម៌​វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។

​លោក ងួន រតនៈ បានបញ្ជាក់​ថាៈ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានធ្វើឱ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ មិនតែប៉ុណ្ណោះ បានធ្វើឱ្យ​ខឿនសេដ្ឋកិច្ច រីកចម្រើន រឹងមាំ រាជរដ្ឋាភិបាល បាន​បើកទូលាយ​ខាង​ជំនឿ​សាសនា និង​បានធ្វើ​អ្វីៗ គ្រប់បែបយ៉ាង ដើម្បី​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការបែងចែក​ពី​ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​សូមបញ្ជាក់ថា ទេយ្យទាន ប្រគេន​ក្នុង​១​វត្ត ទទួលបាន​អង្ករ មី ទឹក​សុទ្ធ ទឹកក្រូច សម្ភារៈ និង បច្ច័យ​មួយចំនួន​ផងដែរ​៕/V​