​ដោយៈ ជា សីហៈ​/​ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​និង​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ជាតិ​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា និង​ឯកសារ​គតិយុត្ត​ផ្សេងៗ​ទៀត «The Official Launch of National Consumer Protection Programme (NCPP) and Implementing Regulations» ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​សហការ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៅ​ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា កម្មវិធី​ជាតិ​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជា​ឯកសារ​គតិយុត្ត​គោល​មួយ ដើរតួ​ជា​ឯកសារ​យុទ្ធសាស្ត្រ​សម្រាប់​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​កសាង​គោលនយោបាយ ផែនការ​សកម្មភាព និង​យន្តការ​អនុវត្ត​ដោយ​ប្រកាន់ខ្ជាប់​នូវ​កិច្ចការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ហើយ​ការបង្កើត​ឯកសារ​ទាំងនេះ​ឡើង ក៏​ជា​មនសិការ​របស់​កម្ពុ​ជា​ក្នុង​ការបំពេញ​នូវ​អនុសាសន៍ និង​ការអនុវត្ត​ល្អជា​អន្តរជាតិ ផងដែរ​។ បន្ថែម​ពីនេះ សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ក៏មាន​ឯកសារ​គោលការណ៍​ណែនាំ​ស្តីពី​ការបង្កើត​សមាគម​អ្នកប្រើប្រាស់​តាម​វិស័យ (Consumer Protection Association) ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បន្តថា​ចាប់តាំងពី​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួម​មក ក្រសួងពាណិជ្ជកម្ម ដែលមាន​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ជា​សេនាធិការ សហការ​ជាមួយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) និង​សភាពាណិជ្ជកម្ម​កម្ពុជា បាន​នឹង​កំពុង​បន្ត​បើក​វគ្គ​ផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​វិស័យ​ឯកជន​នៅតាម​បណ្តា​ខេត្ត និង​រាជធានី បានជា​ច្រើន​វគ្គ​រួចមក​ហើយ​។ ដោយឡែក​សិក្ខាសាលា​លើក​ទី​៤ កន្លងមក​ថ្មីៗ​នេះ គឺជា​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​ឯកសារ​ចំនួន​០៤ រួមមាន​៖ (1) កម្មវិធី​ជាតិ ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ (National Consumer Protection Programme) (2) គោលការណ៍​ណែនាំ ស្តីពី​គម្រោង​លក់​បែប​ពីរ៉ាមីដ (Pyramid Selling Scheme) និង​ការលក់​បែប​ទីផ្សារ​ពហុ​កម្រិត (Multi-Level Marketing) (3) ប្រកាស ស្តីពី​ខសន្យា​មិន​សុចរិត (Unfair Contract Clause) និង​(4) ប្រកាស ស្តីពី​កំឡុងពេល​ដកខ្លួន​ពី​កិច្ចសន្យា (Cooling-Off Period)​។​

​ក្រៅពី​ឯកសារ​គតិយុត្ត​ទាំងនេះ ក្រសួងពាណិជ្ជកម្ម​ក៏​នៅមាន​បទ​ប្បញ្ញត្តិ​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត​ដូចជា ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បានអនុម័ត​នៅ​ឆ្នាំ​២០១៩ ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ជាដើម ដែល​សុទ្ធសឹងតែ​មានកម្ម​វត្ថុ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយ​ព្រះ​ហត្ថលេខា​ដាក់ឱ្យ​ប្រើ នាពេល​ថ្មីៗ​កន្លងទៅ​។​

​លោក​បាន​បន្តថា ការដាក់ចេញ​ឯកសារ​គតិយុត្ត​នានា និង​ការជំរុញឱ្យ​មានការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បី​ការពារ​អ្នកប្រើប្រាស់​។ នេះ​មិន​ត្រឹម​តែមាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តម្រូវការ​បន្ទាន់​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ ជាក់ស្តែង កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ដំបូង​គេ ដែល​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ កន្លងទៅ​។ ក្នុងនោះ អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង RCEP នេះ នឹង​ផ្តល់ឱកាស​ក្នុងការ​ពង្រីក​អាជីវកម្ម និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក​ទៀតផង ប្រសិនបើ​គោលការណ៍​សម្រាប់​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​ការការពារ​អ្នកប្រើប្រាស់​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម​និង​ពេញលេញ​៕​