ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រថយន្តបែនដឹកដី និងម៉ូតូ បើកលឿន ដោយខ្វះការប្រុង ប្រយ័ត្ន បានបុកគ្នា ពេញទំហឹង បណ្តាលឱ្យយុវជន និងកុមារ ពីរនាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុចផ្លូវកាត់ខ្វែងទទឹង ប្រសព្វផ្លូវជាតិលេ៥ ចូលមណ្ឌលសុខភាពអូរអំបិល នៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថាៈ មុនពេលកើត ហេតុនោះ មានរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ានដាយ ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3A2004 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងទីប្រជុំជន មុខសាលារៀនអូរអំបិល ក្នុងល្បឿនលឿន។ ដោយមិនបាន ប្រយ័ត្ន ស្របពេលនោះ មានម៉ូតូពាក់ស្លាកលេខ 1N.1403 បានឆ្លងកាត់ផ្លូវ
បន្ទាយមានជ័យ នាំឱ្យម៉ូតូ បើកទៅបុករថយន្តដឹកដីពីក្រោយ ពេញទំហឹង បណ្តាលឲ្យអ្នកជិះ និងអ្នកបើកម៉ូតូ របួសធ្ងន់ទាំង ពីរនាក់។
លោកវរសេនីយ៍ឯក ស៊ី ឌី បានឲ្យដឹងបន្តថាៈ អ្នកបើកម៉ូតូ ឈ្មោះ ណាត់ ភេទប្រុស អាយុ២១ឆ្នាំ និងក្មេងម្នាក់ ឈ្មោះ យួក ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នគរបាលចរាចរណ៍ក្រុង បានជួយដឹក ជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ចំណែក អ្នកបើករថយន្ត និងរថយន្ត និងម៉ូតូ នគរបាល បញ្ជូនមកអធិកាដ្ឋាននគរបាល ក្រុងសិរីសោភ័ណ រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V