​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អង្គការ Global Life Sharing សិក្សា​ពី​គម្រោង​ផ្តល់ជំនួយ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ស្តារ​កាយ សម្បទា សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​បរិវេណ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​កំពុង​តែមាន​ក្នុង​តម្រូវការ​ខ្លាំង ផ្នែក​ស្តារ​កាយសម្បទា នេះ​។ គម្រោង​ផ្តល់ជំនួយ​នេះ រួមមាន ការសាងសង់​អគារ សម្ភារ​បច្ចេកទេស និង​ការបណ្តុះ បណ្តាល​ធនធានមនុស្ស​។ គម្រោង​នេះ គឺមាន​សារសំខាន់ បំផុត សម្រាប់​ជួយ​ប្រជាជន​កម្ពុជា និង​ក្នុងការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាង​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ និង​ក្រុម​កា​ងារ​សម្របសម្រួល និង​តំណាង​អង្គការ Global Life Sharing របស់​កូរ៉េខាងត្បូង ដែល​ដឹកនាំ​ដោយ​លោក សុខ សំណាង ជំនួយការ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ លោក ជា ធី​រិ​ទ្ធ ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​លោក Kim Jin Ho តំណាង​អង្គការ Global Life Sharing ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ ជំនួប​ពិភាក្សា​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ។​

​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ បាន​ថ្លែងថាៈ ក្នុងនាម​ក្រសួងសុខាភិបាល​កម្ពុជា លោកស្រី មាន​សេចក្តីត្រេកអរ និង​ស្វាគមន៍​ចំពោះ​អង្គការ Global Life Sharing ដែលមាន​គ្រោង​ផ្តល់ជំនួយ​ដល់​កម្ពុជា ក្នុងការ​បង្កើត​នូវ​មជ្ឈមណ្ឌល ស្តារ​កាយសម្បទា សម្តេច​តេ​ជោ ហ៊ុន សែន ។​

​លោកស្រី បានចាត់ទុក​គម្រោង​នេះ​ថា មាន​សារ​សំខាន់បំផុត សម្រាប់​ជួយ​ប្រជាជន​កម្ពុជា និង​ក្នុងការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រសួងសុខាភិបាល ត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​ជាមួយ​អង្គការ Global Life Sharing ក្នុងការ​អនុវត្ត​គម្រោង​នេះ ឲ្យ​បាន​ជោគជ័យ​។

​ចំណែក​លោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​អរគុណ ចំពោះ​ក្រុមការងារ​សម្របសម្រួល និង​អង្គការ Global Life Sharing ដែល​បានជ្រើសរើស មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅក្នុង​គម្រោង​ផ្តល់ជំនួយ បង្កើត​មជ្ឈមណ្ឌល​ស្តារ​កាយសម្បទា សម្តេច​តេ​ជោ ហ៊ុន សែន ឡើង ព្រោះ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​កម្មនេះ នៅក្នុង​មន្ទីរពេទ្យ មានការ​កើនឡើង​ខ្ពស់ ស្រប​ពេលដែល​អគារ​ប​ច្ចុ​ប្បន្ន ដែល​ទទួល​ការព្យាបាល ស្តារ​កាយសម្បទា មាន​ទំហំ​តូចចង្អៀត​ខ្លាំង និង​មិនសូវមាន​សម្ភារ​ទំនើប មិន​សមស្រប​នឹង​តម្រូវការ​។

​លោក ងី ម៉េង បាន​បន្តថាៈ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​កម្មនេះ នៅក្នុង​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត ភាគច្រើន សុទ្ធតែ​ប្រជាជន​ក្រីក្រ​។​

​រីឯ​លោក Kim Jin Ho តំណាង​អង្គការ Global Life Sharing ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​នូវ​ការសប្បាយ​ចិត្ត និង​អរគុណ​ចំពោះ ក្រសួងសុខាភិបាល ដែល​បាន​ផ្តល់ឱកាស ដល់​ក្រុមការងារ ចូលជួប​ពិភាក្សា និង​គាំទ្រ​ចំពោះ​គម្រោង​ផ្តល់ជំនួយ​របស់​អង្គការ Global Life Sharing ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ស្តារ​កាយសម្បទា​សម្តេច​តេ​ជោ ហ៊ុន សែន​។
​លោក Kim Jin Ho សន្យា​នឹង​នាំយក​នូវ​អ្វី ដែល​បាន​ពិភាក្សាគ្នា នៅក្នុង​កិច្ចប្រជុំ ដើម្បី​ដាក់ជូនទៅ​ស្នាក់ការ​កណ្តាល របស់​អង្គការ Global Life Sharing នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ លោក សង្ឃឹមថា គម្រោង​នេះ នឹង​ចេញ​ជា​រូបរាង តាម​ការចង់បាន​រប​ស់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា នៅ​ដើមខែ​សីហា ឆ្នាំ​២០២២ ខាងមុខនេះ លោក Kim Jung Nam នាយក​ផ្នែក​សហប្រតិបត្តិការ នៃ​អង្គការ Global Life Sharing នឹង​អញ្ជើញ​មក បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រោង​នឹង​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ​ភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចុះហត្ថលេខា លើ​ការផ្តល់​ជំនួយ​រយៈពេល ៥ ឆ្នាំ ដល់​ព្រឹទ្ធសភា​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់ ១០ លាន​ដុល្លារ ផងដែរ​។​

​ជាមួយគ្នានេះ ក្នុងពេល​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​កម្ពុជា លោក Kim Jung Nam ក៏​នឹង​បញ្ជាក់​ពី​គម្រោង​ផ្តល់ជំនួយ នៃ​ការបង្កើត​មជ្ឈមណ្ឌល ស្តារ​កាយសម្បទា សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ ៕/V​