ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ និងបញ្ហាសំខាន់ៗ មួយចំនួនទៀត ត្រូវបានលើកយកមកពិភាក្សា នៅក្នុងជំនួបរវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោក ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការរីករាយ ដែលបានជួបលោក ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាៈ “ យើងបានពិភាក្សាអំពីបញ្ហាមួយចំនួន ដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម ព្រមទាំងពេញចិត្តលើការរីកលូតលាស់ ឡើងវិញ នៃទំនាក់ទំនងពាណិជ្ជកម្ម គិតចាប់តាំងពីដើមឆ្នាំនេះ ក្រោយជំងឺរាតត្បាត កូវីដ-១៩។ ខ្ញុំទន្ទឹងរង់ចាំទទួលស្វាគមន៍ គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅប៉ុន្មានសប្តាហ៍ ខាងមុខនេះ ”។
លោក ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២២។ តាមកម្មវិធីដែលបាន គ្រោងទុក លោក ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ នឹងអញ្ជើញទៅទស្សនកិច្ច នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
សូមជម្រាបថា ដានីញ៉ែល ជេ.ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្លាប់បានធ្វើដំណើរមក ប្រទេសកម្ពុជា និងឡាវ កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ ទស្សនកិច្ចកាលនោះ ផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែម នូវមជ្ឈភាពអាស៊ាន ភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គ មានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។
សម្រាប់ទស្សនកិច្ច នៅប្រទេសកម្ពុជា នាពេលនោះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំ សង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន៕/V