ជំទាវ​ទី​១ មេ​ឡា​នៀ ត្រាំ ពាក់អាវ​ដាក់​អក្សរ​”​ខ្ញុំ​អត់​ខ្វល់​”​ទៅ​មើល​កុមារ​នៅ​ជំរំ​ព្រំដែន​ម៉ិ​ក​ស៊ិ​ច​

3426
ចែករម្លែក

​ជំទាវ​ទី​១​អាមេរិក មេ​ឡា​នៀ ត្រាំ បានធ្វើអោយ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយបាន​ទៅ​ទស្សនា​កូនក្មេង​អន្តោប្រវេសន៍​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​កាលពី​ថ្ងៃ​២១​មិថុនា​​តែ​ការជ្រើសរើស​សម្លៀក​ប​ពាក់​សំរាប់​ដំណើរ​នេះ​បង្ក​ការភ្ញាក់ផ្អើល​និង​ចម្ងល់​ពេញ​អ៊ិន​ធឺ​ណិ​ត គឺ​អាវ​ក្រៅ​មាន​ដាក់​អក្សរ​ថា​”​ខ្ញុំ​ពិតជា​មិន​ខ្វល់ មែន​ទេ​?”​។​

​រូបភាព​របស់​មេ​ឡា​នៀ ត្រាំ​ពាក់អាវ​ក្រៅ​ពណ៌​បៃតង​ខណៈ​លោកស្រី​ឡើង​ជិះ​យន្តហោះ​ទៅកាន់​រដ្ឋ​តិច​សាស់ បាន​លេចឡើង​នៅពេល​សេត​វិមាន​កំពុង​តស៊ូ​សម្រន់​កំហឹង​​អន្តរជាតិ​ដោយសារតែ​ការអនុវត្ត​ច្បាប់​ដែល​នាំ​ដល់​ការចាប់​បំបែក​កុមារ​រាប់ពាន់នាក់​ចេញពី​ឪពុកម្តាយ​មុន​បញ្ចូល​ក្នុង​ទ្រុង​អន្តោប្រវេសន៍​។​

​នៅពេល​ត្រូវបាន​គេ​សួរ​អំពី​អាវ​ក្រៅ​តំលៃ​៣៩​ដុល្លារ​នេះ អ្នកនាំពាក្យ​របស់​មេ​ឡា​នៀ ត្រាំ បាន​និយាយថា​” មិនមាន​សារ​លាក់កំបាំង​”​នៅលើ​សម្លៀកបំពាក់​នេះ​ទេ​។​”​វា​គ្រាន់តែ​ជា​អាវ​ក្រៅ​មួយ​។​បន្ទាប់ពី​ដំណើរ​ដ៏​សំខាន់​នៅថ្ងៃនេះ​ទៅ​តិច​សាស់ ខ្ញុំ​សង្ឃឹមថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​លែង​ចាប់អារម្មណ៍​នឹង​សម្លៀកបំពាក់​របស់លោក​ជំទាវ​
​ទៀត​”​។​

​តែ​លោក​ប្រធានាធិបតី​យល់ឃើញ​ផ្សេង​ចំពោះ​អក្សរ​”​ខ្ញុំ​ពិតជា​អត់​ខ្វល់ មែន​ទេ​?” នៅលើ​ខ្នង​អាវ​របស់​ភរិយា​របស់លោក ដោយ​លោក​ចង់​និយាយ​សំដៅ​ដល់​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ក្លែងក្លាយ​ទៅវិញ​។​

​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា​” មេ​ឡា​នៀ បានដឹងថា​តើ​ពួកគេ​មិន​ស្មោះ​របៀប​ណា ហើយ​នាង​ពិតជា​លែង​ខ្វល់​”​។​

​ដំណើរ​មិន​ប្រកាស​មុន​របស់​មេ​ឡា​នៀ ត្រាំ​ទៅកាន់​ជម្រក​យុវជន​អន្តោប្រវេសន៍​និង​ជំរំ​ល្បាត​ព្រំដែន​បានកើត​ឡើង​មួយថ្ងៃ​ក្រោយពី​ប្រធានាធិបតី​ត្រាំ​បានធ្វើ​ការប្រកាស​​បញ្ចប់​ភ្លាមៗ​ការអនុវត្ត​បំបែក​សមាជិកគ្រួសារ​អន្តោប្រវេសន៍​ដែល​បណ្តាលអោយ​កុមារ​តូចៗ​ជាង​២.៣០០​នាក់​បែក​ចេញពី​ឪពុកម្តាយ​ឬ​អ្នក​មើ​ក​ថែ​របស់​ពួកគេ​។​

​វា​ក៏បាន​កើតឡើង​ក្រោយពី​លោកជំទាវ​អំពាវនាវ​អោយមាន​ការសម្របសម្រួល​នយោបាយ​ដើម្បី​បញ្ចប់​ការដក​កូនៗ​ចេញពី​ឪពុកម្តាយ​របស់គេ​ដោយសារតែ​គោល​​នយោបាយ​មិន​ត្រា​ប្រណី​ប្រឆាំង​ការ​លួច​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ចាប់តាំងពី​ខែឧសភា​មក​៕ដោយ:វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម