​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ចក្ខុ​

(​ច័ក​-​ខុ​)

​នាមសព្ទ​

(​បា​.; សំ​. ចក្សុ​ស៑​) អាយតនៈ សម្រាប់​មើល សម្រាប់​ឃើញ​រូប​ផ្សេងៗ (​ភ្នែក​) ។ ចក្ខុន្ទ្រិយ (​ច័ក ខុន​-​ទ្រី​) ឥន្ទ្រិយ​គឺ​ភ្នែក (​ភ្នែកមាន​ភ្នាក់ងារ​ជាធំ​ខាង​ការ​ឃើញ​) ។ ចក្ខុទ្វារ ទ្វារ​ភ្នែក​។ ចក្ខុនិមិត្ត (—​មិ​ត​) ភ្នែក​ជា​គ្រឿង​សម្គាល់ ឬ ជាហេតុ​នៃ​រូបារម្មណ៍​។ ចក្ខុបថ (—​បៈ​-​ថៈ ឬ —​បត់​) ន​. គន្លង​នៃ​ភ្នែក​, ខ្សែ​ជាប់​ពី​ភ្នែក​ទៅ ដែលជា​ផ្លូវ​នៃ​រូបារម្មណ៍ ។ ចក្ខុបសាទ ឬ ចក្ខុប្រសាទ (—​ប៉ៈ​សាត ឬ —​ប្រសាត​) តួ​ប្រ​ស្រី​ថ្លា​មាន​សណ្ឋាន​តូច (​ក្នុង​គម្ពីរ​ខាង​ពុទ្ធសាសនា​ថា មាន​ប្រមាណ​ប៉ុន​ក្បាល​ចៃ​) ដែល​តាំងនៅ​ត្រង់​កណ្ដាល​កែវភ្នែក​; ប្រសាទ​នេះហើយ​ដែល​នាំ​ឲ្យ​ភ្លឺ​មើលឃើញ​រូប​ផ្សេងៗ​, បើ​ខូច​ប្រសាទ​នេះហើយ ក៏​មើល​អ្វី​ពុំ​ឃើញ​ហៅថា ងងឹត ឬ ខ្វាក់​។ ចក្ខុរោគ រោគ​ក្នុង​ភ្នែក​, រោគ​ដែល​កើត​ក្នុង​ភ្នែក​, ជម្ងឺ​ភ្នែក​។ ចក្ខុវិកល (—​វិ​-​កល់​) ន​. ឬ គុ​. វិកល​នៃ​ភ្នែក​; ការ​ខ្វាក់ភ្នែក​; ដែលមាន​ភ្នែក​វិកល ។ ចក្ខុវិញ្ញាណ សេចក្ដី​ដឹង​ដែល​កើតឡើង​ព្រោះ​អាស្រ័យ​ភ្នែក សំដៅ​ចំពោះ​ត្រង់​ដែល​រូប​មក​ប៉ះ​នឹង​ចក្ខុ ហើយ​កើត​ឡើងជា​សេចក្ដី​ដឹង ។ ចក្ខុសម្ផស្ស (—​ស័​ម​-​ផ័ស ឬ —​សំផស់​) ដំណើរ​ដែល​ចក្ខុ​និង​រូប​ព្រមទាំង​វិញ្ញាណ​ខ្ទប់​គ្នា ។ ចក្ខ្វាយតនៈ (​ច័ក​-​ខ្វា​-​យ៉ៈ​-​តៈ​-​ន៉ៈ​) អាយតនៈ​គឺ​ចក្ខុ (​ម​. ព​. អាយតនៈ ផង​) ។​

ចំនួន​

​នាមសព្ទ​

​ប្រមាណ​ដែល​រាប់​ឃើញ​, ប្រមាណ​មានកំណត់​
​ចំនួន ១០ នាក់​, ប្រាក់​ចំនួន ១០០​រៀល​; បូក​ចំនួន ។​
​សេចក្ដី​ដែល​ចួន​ក្នុង​កាព្យ (​មិនសូវ​ប្រើ​) ។​

​ឆ្នៃ​

​កិរិយាសព្ទ​

​ដៅ​, ប្រមាណ​, ស្មាន​, ចាប់មន្ទិល​ដោយ​ស្មាន​, ម៉ៃ​សំដៅ​
​កុំ​ឆ្នៃ​ដាក់​គេ ។​

​ជូជក​

(—​ជក់​)

​នាមសព្ទ​

( បា​. ) ឈ្មោះ​ព្រាហ្មណ៍​ម្នាក់​ជា​ស្មូម មាន​ក្នុង​រឿង​វេស្សន្ដរជាតក ។ គ្រោះ​ជូជក គ្រោះ​ធ្ងន់​ដូច​តា​ជូជក ដែល​បរិភោគ​អាហារ​ច្រើន​ជ្រុល​ហួសប្រមាណ ទាល់តែ​ចាក់ច្រាស ស្លាប់​ខ្លួន​អសារ​ឥត​ការ ខាន​បាន​ប្រើប្រាស់​ចាយវាយ​ទ្រព្យសម្បត្តិ​ដែល​ព្រះបាទ​ស្រីសញ្ជ័យ ទ្រង់​ប្រោស​ព្រះរាជទាន ជា​តម្លៃ​លោះ​នាង​ក្រឹ​ស្នា​និង​បា​ជាលី ។​

​ជំនាងផ្ទះ​

​នាមសព្ទ​

​ទេវតា​ដែល​ថែរក្សា​ផ្ទះ​, វត្ថុ​សក្ដិ​សិទ្ធិ​ដែល​នៅ​អាស្រ័យ​ក្នុងផ្ទះ ( តាម​ប្រពៃណី​ខ្មែរ​, នៅវេលា​សង់ផ្ទះ​ថ្មី​, មុន​នឹងដាក់​មេដំបូល​, គេ​តែង​យក​សំពត់​ជាតី ឬ​ព្រៃ​ពណ៌​ក្រហម ប្រមាណ​ជា​កន្លះ​ម៉ែត្រ មាន​គូរ​យន្ត​ទៅ​ដាក់​ភ្ជាប់​ចំ​កណ្ដាល​មេដំបូល -​គេ​រៀប​ទ្រនឹប​ជាង មាន​បង្អែម​, ចម្អាប​, ទៀន​, ធូប​, ភ្ញីផ្កា​ជាដើម តាម​សមគួរ ធ្វើ​ពិធីសែនព្រេន​បួងសួង រំលឹក​ដល់​ទេវតា ១ អង្គ​គឺ​ព្រះ​ពិស្ណុការ ដែល​ពួក​ជាង​ពី​បុរាណ តែង​ប្រកាន់​ជឿថា ជា​គ្រូធំ​បំផុត​របស់​ពួក​ជាង​ទាំងអស់ – សូម​អញ្ជើញ​ព្រះ​ពិស្ណុការ​នោះ មកជា​អធិបតី ក្នុងការ​សង់ផ្ទះ​ថ្មី កុំ​ឲ្យ​មាន​ឧ​ប​ស័គ្គ​គ្រោះថ្នាក់​ផ្សេងៗ ព្រមទាំង​សូម​ឲ្យ​ជួយ​ថែរក្សា​ម្ចាស់ផ្ទះ ឲ្យ​បាន​សុខ​ចម្រើន … គេ​ជឿថា​វត្ថុ​សក្ដិ​សិទ្ធិ​នោះមក​សណ្ឋិត​នៅក្នុង​ផ្ទះ នៅវេលា​ដែល​គេ ធ្វើ​ផ្ទះ រួចហើយ​, ​ដូច្នេះ​ទើប​គេ​សន្មត​កំណត់​ហៅ ទេវតា​នោះ​ថា ជំនាងផ្ទះ )
​អុជ​ទៀនធូប​បូជា​រំលឹក​នឹក​ដល់​ជំនាងផ្ទះ​សុំ​ឲ្យ​ជួយ​ថែរក្សា​កូនចៅ​ឲ្យ​បាន​សុខ​សប្បាយ​, ជំនាងផ្ទះ​មក​ពន្យល់​ស​ប្តិ … ( ហៅ​ក្លាយជា ជ​នាង​ផ្ទះ ក៏មាន ) ។​